មន្រ្តីជំនាញនិងសមត្ថកិច្ចបើកដៃឲ្យឈ្មួញឈ្មោះ ម៉ែអាស្រួច ដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា យ៉ាងពេញទំហឹង

Posted By: RoogRog Robot | 22-Sep-2021 14:56:57

ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេល១សប្តាហ៍ចុងក្រោយនេះឈ្មួញឈ្មោះ ម៉ែអាស្រួច ធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចូលស្រុកស្នួល ខេត្តក្រចេះ ទាំងយប់ទាំងថ្ងៃ។ ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះឈ្មួញឈ្មោះ ម៉ែអាស្រួច ដឹកជញ្ជូនចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យកទៅរក្សាទុកនៅផ្ទះរបស់ខ្លួនក្នុងស្រុកស្នួលខេត្តក្រចេះ។ ហេតុនេះលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក ភោគ សុជោត នាយកដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវបានគេដឹងថា ជាអ្នកសម្រួលឲ្យឈ្មួញឈ្មោះ ម៉ែអាស្រួច ដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួល។ 

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ម៉ែអាស្រួច បានឲ្យដឹងថា ឈ្មួញម្នាក់នេះធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា និងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង មករក្សាទុកនៅផ្ទះរបស់ខ្លួនក្នុងភូមិសំពោច ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ បន្ទាប់មកមានឈ្មួញឈ្មោះ ចែធូ ឈ្មួញឈ្មោះ ចែនាង មកទិញបន្តដឹកជញ្ជូនតាមរថយន្តសាំយ៉ុង ចេញទៅខេត្តត្បូងឃ្មុំ និងព្រៃវែង ដោយគ្មានមន្រ្តីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះទេ។ ជាពិសេសលោក លន់ ប៊ុនថុល មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល និងមេរដ្ឋបាលព្រៃឈើស្រុកស្នួល បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ ម៉ែអាស្រួច និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ 

ប្រភពពីប្រជាពលរដ្ឋនៅភូមិសំពោច ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា រយៈពេល១សប្តាហ៍ចុងក្រោយនេះឈ្មួញឈ្មោះ ម៉ែអាស្រួច ធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា និងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច មករក្សាទុកនៅផ្ទះរបស់ខ្លួនកាន់តែច្រើន។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នាយកដែនជម្រកសត្វព្រៃកែវសីមា និងលោក ភោគ​ សុជោត នាយកដែនជម្រកសត្វព្រៃភ្នំព្រេច មិនចាត់វិធានការលើឈ្មួញឈ្មោះ ម៉ែអាស្រួច គឺមានតែជួយសម្រួលឲ្យឈ្មួញម្នាក់នេះដឹកជញ្ជូនឈើទៅដល់គោលដៅ។ ហេតុនេះថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះមន្រ្តីជំនាញនិងសមត្ថកិច្ចក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ព្រមទាំងមន្រ្តីជំនាញនិងសមត្ថកិច្ចក្នុងស្រុកស្នួល ខេត្តក្រចេះ កំពុងបើកដៃឲ្យឈ្មួញឈ្មោះ ម៉ែអាស្រួច ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...