(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ <<មូលនិធិគន្ធបុប្ផាកម្ពុជា>> បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងារពិនិត្យ និងព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា ជូនកុមារដ៏ច្រើននៅកម្ពុជា។
ការវាយតម្លៃខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាបរធនបាលនៃ <<មូលនិធិគន្ធបុប្ផាកម្ពុជា>> តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួម ពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំង-សមាជិកក្រុមប្រឹក្សាបរធនបាលទាំងអស់ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព របស់មូលនិធិ និងដំណើរការនៃការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់លើការខិតខំ ប្រឹងប្រែងបំពេញការងារពិនិត្យ និងព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផាជូនកុមារដ៏ច្រើន និងបានលើកទឹកចិត្ត ឱ្យបន្តខិតខំបំពេញការងារ ដ៏មានសារៈសំខាន់នេះថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍទំពាំងស្នងឬស្សី របស់ប្រទេសជាតិ។
អគ្គបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ លើការខិតខំប្រឹងប្រែងបំពេញការងារកៀរគរការបរិច្ចាគ នាពេលកន្លងមក និងបានណែនាំឱ្យលេខាធិការដ្ឋាន ខិតខំបន្ថែមទៀតក្នុងការផ្សព្វផ្សាយ ដល់សាធារណជនឱ្យបានយល់ដឹងអំពីវត្តមាន និងសារៈសំខាន់របស់ <<មូលនិធិគន្ធបុប្ផាកម្ពុជា>> ក្នុងគោលដៅកៀរគរវិភាគទាន សប្បុរសធម៌បន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តរួមចំណែកទ្រទ្រង់ប្រតិបត្តិការ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកស្ទួយស្មារតី <<ខ្មែរជួយខ្មែរ>> ឱ្យបានកាន់តែទូលំទូលាយ។
<<មូលនិធិគន្ធបុប្ផាកម្ពុជា>> ក្នុងនោះបានសម្រេចបានលទ្ធផលសំខាន់ៗរួមមាន៖
១៖ វឌ្ឍនភាពនៃការទទួលថវិកាបរិច្ចាគ និងរបាយការណ៍ហិរញ្ញវត្ថុ
គិតត្រឹមឆមាសទី១ ឆ្នាំ២០២១, <<មូលនិធិគន្ធបុប្ផាកម្ពុជា>> បានទទួលថវិកាបរិច្ចាគសរុបចំនួនប្រមាណ១៥,៧ លានដុល្លារអាមេរិក កើនឡើង៩.៧០% បើធៀបទៅនឹងរយៈពេល៦ខែដំបូងក្នុង ឆ្នាំ២០២០។ ជាមួយគ្នានេះថវិកា ដែលមិនទាន់យកទៅប្រើប្រាស់ ក៏ត្រូវបានវិនិយោគជា ការដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារពាណិជ្ជ ដែលការប្រាក់ដែលទទួលបាន ត្រូវបានចាត់់ទុកថា ជាចំណូលបន្ថែមរបស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។ ទន្ទឹមនេះត្រឹមរយៈពេល៦ខែដំបូងនៃ ឆ្នាំ២០២១នេះ, <<មូលនិធិគន្ធបុប្ផាកម្ពុជា! ក៏បានផ្ទេរថវិកាជូនមន្ទីរពេទ្យ ជាបន្តបន្ទាប់ដែលមានចំនួន សរុបប្រមាណជាង ៤លានដុល្លារអាមេរិក។ ត្រឹមរយៈពេលដូចគ្នានេះ <<មូលនិធិគន្ធបុប្ផាកម្ពុជា>> ទទួលបានសមាជិកចំនួន៦២,២៨៥ នាក់។
សូមបញ្ជាក់ថា <<របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់មូលនិធិគន្ធបុប្ផាកម្ពុជា>> ត្រូវបានដាក់ឱ្យធ្វើសវនកម្ម ដោយក្រុមហ៊ុនសវនកម្មលំដាប់អន្តរជាតិ PriceWaterhouseCooper ដែលសវនករឯករាជ្យបានផ្តល់មតិថា <<តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមគោលការណ៍គណនេយ្យ>> ដោយមិនមានភាពខុសឆ្គង និងក្លែងបន្លំឡើយ។
២៖ សកម្មភាពផ្សព្វផ្សាយ និងទិសដៅក្នុងការកៀរគរការបរិច្ចាគ
ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩, លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បាននិងបន្តផ្តោតសំខាន់លើការអនុវត្តសកម្មភាព បំផុសចលនាកៀរគរការបរិច្ចាគ តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងប្រមូលវិភាគទានសប្បុរសធម៌ ក៏ដូចផ្សព្វផ្សាយជាសាធារណៈ អំពីមូលនិធិដោយមានសកម្មភាពចម្បងៗដូចជា៖
* កិច្ចសហការជាមួយស្ថាប័នហិរញ្ញវត្ថុជាដៃគូ ក្នុងការទទួលការបរិច្ចាគជា E-donation,.* ការផលិតវីដេអូផ្សព្វផ្សាយដែលមានភាពសម្បូរបែប.* ការរៀបចំយុទ្ធនាការ និងកម្មវិធីនានា ជាពិសេសកម្មវិធីដែលមានការចូលរួមសហការ និងគាំទ្រដោយបណ្តាក្រុមហ៊ុននានា ដើម្បីផ្សព្វផ្សាយ និងប្រមូលការបរិច្ចាគ។* ការបន្តដាក់ហិបទទួលការបរិច្ចាគ នៅតាមទីសាធារណៈ ជាពិសេសផ្សារទំនើប និងភោជនីយដ្ឋាននានា ។
បន្ថែមលើវឌ្ឍនភាព និងទិសដៅការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមប្រឹក្សាបរធនបាល ក៏បានទទួលនូវរបាយការណ៍ អំពីស្ថានភាពមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២១នេះ ដែលក្នុងនោះមន្ទីរពេទ្យបានទទួលព្យាបាលចំនួនជាង ២២៦១៩៤នាក់ ដែលករណីជំងឺធ្ងន់មានចំនួន ៤៥០៧៥នាក់ បានសម្រាកព្យាបាល និងចំនួន១០១៩០ នាក់ទទួលការវះកាត់។
ក្នុងនោះផ្នែកសម្ភព មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ឬមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានទទួលពិនិត្យ និងព្យាបាលស្ត្រីមានផ្ទៃពោះចំនួន៤១៨៥៥នាក់ និងបានទទួលសម្រាល កូនចំនួន១០៣២៣នាក់។
ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩, មន្ទីរពេទ្យបានរៀបចំសម្រួលហេដ្ឋា-រចនាសម្ព័ន្ធ បុគ្គលិក និងក្រុមការងារ ក្នុងការព្យាបាលអ្នកជំងឺដែលរកឃើញមេរោគកូវីដ១៩ នៅអគារដាច់ដោយឡែកពីអគារពិនិត្យ និងព្យាបាលជំងឺទូទៅរបស់មន្ទីរពេទ្យ ទាំងនៅភ្នំពេញ និងនៅសៀមរាបផងដែរ៕