(ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌា ឯកភាពលើ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍បែបជំនឿសាសនា រវាងប្រទេសកម្ពុជា-ឥណ្ឌា និងការជំរុញផ្សព្វផ្សាយទេសចរណ៍ប្រភេទនេះ រវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយរហូតដល់ពុទ្ធសាសនិកនៅបណ្តាប្រទេសដទៃទៀត។
ការឯកភាពគ្នាយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ ជាមួយព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta Mahathero ប្រធានស្តីទីនៃ Bhikku President of All India Bhikku Sangha ពីរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងសហការី នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការក្រសួង។
នាឱកាសជំនួបនេះ ព្រះតេជគុណបណ្ឌិត បានមានថេរដីកាជម្រាប រដ្ឋមន្រ្តី ហួត ហាក់ អំពីដំណើរដឹកនាំពុទ្ធសាសនិកឥណ្ឌាចំនួន២៧រូបមកសិក្សាស្វែងយល់ពី វប្បធម៌ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដោយប្រជាជនកម្ពុជា ជាពិសេសគឺទស្សនាទីសក្ការៈបូជាសាសនាដែលល្បីល្បាញនៅខេត្តសៀមរាប។ តាមរយៈការនិមន្តគង់នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ព្រះតេជគុណបណ្ឌិត បានកោតសរសើរលើ ការរីកចម្រើនរបស់កម្ពុជា ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលដែលនាំនូវការរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រជាពិសេសការអភិរក្សបានយ៉ាងល្អនូវវត្តអារាម និងទីសក្ការៈបូជាសាសនានានា និងការធានាសុខសុវត្ថិភាពដ៏ល្អប្រសើរក្នុងការធ្វើដំណើរនៅក្នុងប្រទេស។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងដោយទូលជ្រាបព្រះតេជគុណបណ្ឌិតពី ការយកចិត្តទុកដាក់របស់កម្ពុជាលើព្រះពុទ្ធសាសនា ដែលត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ដោយសារប្រជាពលរដ្ឋគោរពប្រតិបត្តរហូតទៅដល់ជាង ៩៥% និងបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ តាមរយៈទេសចរណ៍ជំនឿ និងសាសនា ដែលផ្តល់ជូនដល់ពុទ្ធសាសនិកពីគ្រប់ទ្វីបនៃពិភពលោកបានមកសិក្សាស្វែងយល់ពីការប្រតិបត្តិធម៌ ទស្សនាទីសក្ការៈបូជាសាសនា និងប្រារព្ធពិធីពុទ្ធសាសនាដូចកំណត់ក្នុងពុទ្ធឱវាទ។
រដ្ឋមន្រ្តី ហួត ហាក់ បានពិតទូលបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ គោរពប្រតិបត្តិ អភិវឌ្ឍ និងអភិរក្សលើទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់នេះ រួមទាំងការផ្តល់នូវសេរីភាពជំនឿសាសនាពេញលេញដែលជាកត្តាផ្តល់នូវសុខដុមរមនានៃសាសនាក្នុងប្រទេស ដែលជាកត្តាធានាការធ្វើទេសចរណ៍របស់ពុទ្ធសាសនិក ឬ សាសនិកដទៃទៀតមកកម្ពុជា៕