(ភ្នំពេញ)៖ លោក តូ ឡឹម អគ្គលេខាធិការគណៈកម្មការមជ្ឈឹមបក្សកុម្មុយនីសវៀតណាម បានផ្ញើលិខិតថ្លែងអំណរគុណ ជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោក Tran Duc Cuong អតីតប្រធានរដ្ឋវៀតណាម កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានសរសេរយ៉ាងដូច្នេះថា <<ខ្ញុំមាននៅក្ដីរំភើបចិត្តជាខ្លាំង នៅពេលដែលទទួលបានលិខិតរបស់សមចិត្ត ដែលបានចូលរួមរំលែកទុក្ខ ជាមួយបក្សរដ្ឋប្រជាជនវៀតណាម និងរូបខ្ញុំផ្ទាល់ អំពីមរណភាពរបស់សមមិត្ត Tran Duc Luong អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេសគឺបានចាត់បញ្ជូនគណៈប្រតិភូ ដឹកនាំដោយសមមិត្ត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ហើយចូលរួមក្នុងពីធីលើកវិញ្ញាណក្ខន្ធជូនសពសមមិត្ត Tran Duc Luong។
នេះគឺជាការលើកទឹកចិត្តដ៏ធំ ចំពោះប្រជាជនវៀតណាម ដោយបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះស្ម័ត្រ និងជិតស្និទ្ធ ដែលកម្ពុជាផ្តល់ជូនវៀតណាម និងសមមិត្ត Tran Duc Luong ផ្ទាល់ ដែលជាឧត្តមជនគំរូមួយរូប ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសវៀតណាម ក៏ដូចជាតែងតែផ្តោត ការយកចិត្តទុកដាក់ពិសេស ហើយមានស្នាដៃរជាច្រើន ក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។
សូមជូនពរសមមិត្តមានសុខភាពល្អបរិបូរណ៍ សុភមង្គល ជោគជ័យគ្រប់ភារកិច្ចការងារ ហើយសូមសមមិត្ត មេត្ដាទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ>>៕