(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅថ្ងៃពុធ ទី២ ខែកក្កដា ថាការផ្អាកកិច្ចសហប្រតិបត្តិការរបស់អ៉ីរ៉ង់ ជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA គឺជារឿងមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុងតេហេរ៉ង់ បានសម្រេចផ្អាកជាផ្លូវការនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ IAEA ជាការសម្រេចចិត្តមួយធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ នៅក្នុងសង្រ្គាមតាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី Tammy Bruce បានលើកឡើងថា <<យើងនឹងប្រើពាក្យមិនអាចទទួលយកបានដែលអ៉ីរ៉ង់ជ្រើសរើសផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA ក្នុងពេលមួយដែលពួកគេមានឱកាសត្រឡប់ក្រោយ និងជ្រើសរើសយកជំហានសន្តិភាព និងភាពរុងរឿង>>។
សហរដ្ឋអាមេរិកបានគាំទ្រកិច្ចប្រឹងប្រែងរបស់អ៉ីស្រាអែល ដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់តាមរយៈការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់សំខាន់ៗចំនួន៣ កាលថ្ងៃទី២១ និងថ្ងៃទី២២ ខែមិថុនា។ លោក ត្រាំ ក៏បានព្រមានដែរថាលោកនឹងបញ្ជាឱ្យវាយប្រហារជាថ្មីទៀត ប្រសិនបើតេហេរ៉ង់ព្យាយាមផលិតអាវុធនុយក្លេអ៊ែរ៕