(មណ្ឌលគិរី)៖ ក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយនឹងការបើកសម្ពោធឃ្លាំងថ្មី និងឡសម្ងួតស្រូវក្នុង ខេត្តមណ្ឌលគិរី។
ការវិនិយោគនេះពង្រឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះវិស័យកសិកម្មប្រកបដោយនិរន្តរភាព ការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ទាំងមូលនៃវិស័យស្រូវអង្កររបស់កម្ពុជា។ មានទីតាំងនៅភូមិរយ៉ ឃុំរយ៉ ក្នុងស្រុកកោះញែក គ្រឿងបរិក្ខារថ្មីនឹងពង្រឹងប្រតិបត្តិការរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ និងគាំទ្រដល់សហគមន៍នៅតំបន់នោះ។
ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងក្រោយការប្រមូលផល ការបង្កើនសមត្ថភាពផ្ទុក (ស្តុកទុក) និងការផ្តោតលើគុណភាពស្រូវសរីរាង្គ នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករ ដោយធានាបាននូវតម្លៃទីផ្សារកាន់តែប្រសើរឡើងសម្រាប់ផលស្រូវរបស់ពួកគេ។ នេះជាការរួមចំណែកមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តមណ្ឌលគិរី ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ បាននិយាយថា <<កន្លែងថ្មីនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះកសិកម្មប្រកបដោយនិរន្តរភាព និងការកែលម្អជីវភាពរបស់សហគមន៍ជនបទ។ ដោយការវិនិយោគនៅខេត្តមណ្ឌលគិរី យើងមានបំណងមិនត្រឹមតែបង្កើនផលិតភាពកសិកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើតផលជះវិជ្ជមានទៅលើបរិស្ថាន និងសង្គមសេដ្ឋកិច្ចក្នុងស្រុកផងដែរ>>។
លោក Oskar Haq ប្រធានកម្មវិធីនៃអង្គការអុកស្វាម ក៏បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយលើកឡើងថា <<អង្គការអុកស្វាមមានមោទនភាពក្នុងនាម ជាដៃគូអនុវត្តន៍មួយរបស់គម្រោង RiceTech Cambodia ដែលនឹងគម្រោងនេះនឹងគាំទ្រប្រជាកសិករចំនួន ២៤០០នាក់ ទាំងក្នុងផលិតកម្មស្រូវសរីរាង្គ និងមិនសរីរាង្គ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយនិងផ្សាភ្ជាប់ពួកគេទៅទីផ្សារសកលដែលជាលទ្ធផលនឹងចូលរួមបង្កើនជីវភាពរបស់ពួកគេ>>។
លោកក៏បានបន្ថែមទៀតថា <<អង្គការអុកស្វាមមានតួនាទីគាំទ្រស្ត្រីដែលនៅក្នុងខ្សែសង្វាក់កសិកម្មជាមួយនឹងវគ្គបណ្ឌុះបណ្ដាលដែលនឹងកសាងភាពជឿជាក់របស់ពួកគេ និងផ្ដល់នូវជំនាញក៏ដូចជាចំណេះដឹងផ្នែកគ្រប់គ្រង និងផ្នែកហិរញ្ញវត្ថុផងដែរ នោះពួកគេនឹងមានលទ្ធភាពក្នុងការដើរតួនាទីក្នុងការសម្រេចចិត្ត និងការដឹកនាំជាដើម។>>
លោក Robert Jurrian Vreeman នាយកក្រុមហ៊ុន Corpeq BV មកពីប្រទេសហូឡង់ បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងសហការដោយមានការគាំទ្រពីទីភ្នាក់ងារសហគ្រាសហូឡង់ ដែលធ្វើឱ្យគម្រោង RiceTech Cambodia អាចអនុវត្តទៅបានក្នុងការរួមចំណែកដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍។ <<កន្លែងនេះមិនត្រឹមតែជាឃ្លាំងប៉ុណ្ណោះទេ ថែមទាំងជាកន្លែងផ្លាស់ប្តូរជីវភាព សេដ្ឋកិច្ចសម្រាប់កសិករផងដែរ។ តាមរយៈការបង្កើតឡសម្ងួត និងឃ្លាំងស្តុកទុកនៅក្បែរសហគមន៍ វាអាចឱ្យយើងបង្កើនគុណភាព និងតម្លៃទីផ្សារនៃស្រូវអង្កររបស់ពួកគេ>>។
ទីតាំងថ្មីរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍រួមមានឃ្លាំង និងឡសម្ងួតស្រូវ អាចឱ្យក្រុមហ៊ុនប្រមូលទិញស្រូវសើម សម្ងួត និងរក្សាទុកស្រូវ ដើម្បីកែច្នៃជាអង្ករកាន់តែមានប្រសិទ្ធភាព។ ប្រតិបត្តិការនេះនឹងធ្វើអោយប្រសើរឡើងនូវការត្រួតពិនិត្យគុណភាព និងធានាការផ្គត់ផ្គង់អង្ករដែលអាចទុកចិត្តបានដល់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ប្រតិបត្តិការនេះក៏ផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច ជាពិសេសជនជាតិដើមភាគតិច តាមរយៈការពង្រីកលទ្ធភាពទទួលបានទីផ្សារ និងបន្ថែមតម្លៃដល់ស្រូវសរីរាង្គដែលដាំដុះប្រកបដោយនិរន្តរភាពរបស់ពួកគេ។ ក្រុមហ៊ុនអេមរុរ៉ាយស៍បានចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយសហគមន៍កសិកម្មចំនួន ៥ នៅស្រុកកោះញែកនៅឆ្នាំនេះ ដែលមានកសិករ ជាសមាជិកបានចូលរួមប្រមាណ ៨៥០ នាក់ដើម្បីផ្គត់ផ្គង់ស្រូវចំនួន ២៣៨៦តោន។
លោកបណ្ឌិត លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បាននិយាយថា <<នេះគឺជាកិច្ចការដ៏ល្អមួយក្នុងការបង្កើនប្រាក់ចំណូលរបស់ប្រជាជនជនបទ និងជនជាតិដើមភាគតិចនៅតាមតំបន់ព្រំដែន ដោយការផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធកសិកម្មរបស់ពួកគេពីការចិញ្ចឹមជីវិតធម្មតា ទៅជាទំនើបជាងមុន។ មួយវិញទៀត គឺភ្ជាប់ជាមួយទីផ្សារពិភពលោក ដោយនៅតែរក្សាបានវប្បធម៌ និងប្រពៃណីរបស់ពួកគេ។ គម្រោងនេះអនុញ្ញាតឱ្យផ្លាស់ប្តូរភាពទន់ខ្សោយមួយចំនួនទៅជាឱកាសដ៏អស្ចារ្យ តាមរយៈការផលិតស្រូវសរីរាង្គ និងប្រភេទស្រូវកម្រពិសេសមួយចំនួនទៀត ដែលនៅតែមានតម្រូវការខ្ពស់ដោយទីផ្សារប្រទេសជឿនលឿននៅអឺរ៉ុប>>។
លោកបានបន្ថែមថា <<គម្រោងនេះត្រូវបានផ្តួចផ្តើមយ៉ាងឆ្លាតវៃ តភ្ជាប់ និងសម្របសម្រួលដោយក្រុមហ៊ុនអេមរុរ៉ាយស៍ និងអ្នកពាក់ព័ន្ធទាំងអស់មកពីសហគមន៍អ្នកផលិត អ្នកផ្តល់សេវា មន្ត្រីរដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងចុងក្រោយអ្នកទិញដែលមកពីបរទេស។ បើគ្មានការសម្របសម្រួលកណ្តាល ការប្តេជ្ញាចិត្ត និងភាពជាម្ចាស់ដោយក្រុមហ៊ុនអេមរុរ៉ាយស៍នោះទេ គម្រោងនេះនឹងមិនអាចមានលទ្ធផលដូចដែលយើងបានឃើញនៅថ្ងៃនេះទេ>>។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៤៥០នាក់ រួមមានមន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ តំណាងសហគមន៍កសិកម្ម និងសមាជិកកសិករ អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ផ្សេងៗទៀត។
លោកជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរីបានកោតសរសើរក្រុមហ៊ុនអេមរុរ៉ាយស៍ ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន។ លោកបាននិយាយថា <<ពិធីសម្ពោធនេះគឺជាការវិនិយោគ ដ៏សំខាន់ សម្រាប់ខេត្តរបស់យើង>>។ <<វានឹងមិនត្រឹមតែពង្រឹងសេដ្ឋកិច្ចក្នុងស្រុករបស់យើងប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់កសិកររបស់យើង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង និងធានាបាននូវទីផ្សារស្រូវក្នុងស្រុកផងដែរ>>។
លោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសើរការពង្រីកប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ដោយបញ្ជាក់ថា <<ទាំងនេះស្របតាមគោលដៅអាទិភាព និងយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម ជាពិសេស គោលដៅទី៥ និងទី៦ ដែលផ្តោតលើការលើកកម្ពស់ផលិតភាពកសិកម្ម និងការលើកកម្ពស់កសិកម្មប្រកបដោយនិរន្តរភាព។ ការណ៍នេះបង្ហាញពីកិច្ចសហការប្រកបដោយជោគជ័យរវាងវិស័យសាធារណៈ និងឯកជនក្នុងការជំរុញការអភិវឌ្ឍជនបទ។ គម្រោង RiceTech Cambodia ដើរតួជាគំរូសម្រាប់ការអនុវត្តនៅទូទាំងប្រទេស ដោយបង្ហាញពីសក្តានុពលសម្រាប់កំណើនកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាបន្ន>>។
ព្រឹត្តិការណ៍នេះបានបង្ហាញពីជំហររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ចំពោះវិស័យកសិកម្មប្រកបដោយនិរន្តរភាព ពាណិជ្ជកម្មដោយយុត្តិធម៌ និងទំនួលខុសត្រូវសង្គម។ តាមរយៈការចាប់ដៃគូជាមួយកសិករខ្នាតតូច ក្រុមហ៊ុនអេមរុរ៉ាយស៍ កំពុងជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាននៅក្នុងសហគមន៍ជនបទកម្ពុជា។ ក្នុងនាមជាអ្នកផលិត និងនាំចេញអង្ករសរីរាង្គឈានមុខគេ ក្រុមហ៊ុនអេមរុរ៉ាយស៍តែងតែយកចិត្តទុកដាក់ពង្រឹងសមត្ថភាពសេដ្ឋកិច្ចដល់កសិករ និងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព៕