ថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញប្រព័ន្ធហ្កាសជំរុញឱ្យម្ចាស់ហ្ការ៉ាស ឬជាងបំពាក់ប្រព័ន្ធហ្កាសសម្រាប់រថយន្ត ត្រូវអនុវត្តតាមស្ដង់ដាសុវត្ថិភាពជាចាំបាច់ជូនអតិថិជន

Posted By: RoogRog Robot | 06-Oct-2024 11:21:34

2024-10-06 06:20pm

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ក៏ដូចជាអ្នកជំនាញប្រព័ន្ធហ្កាសរថយន្ត បានជំរុញឱ្យម្ចាស់ហ្ការ៉ាង ឬជាងដែលផ្ដល់សេវាកម្មបំពាក់ និងជួសជុលប្រព័ន្ធហ្កាសសម្រាប់រថយន្ត ត្រូវអនុវត្តនូវលក្ខណៈស្ដង់ដាសុវត្ថិភាពជាចាំបាច់ជូនអតិថិជន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារហ្កាសឱ្យបាន១០០ភាគរយនៅកម្ពុជា។

ការអំពាវនាវនេះធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសនៃការរៀបចំ និងបំពាក់ប្រព័ន្ធហ្កាសរថយន្តប្រភេទហ្កាស នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ JD Polman Hotel & Residence ភ្នំពេញ។

វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះ មានគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធហ្កាស ដោយមានការធ្វើបទបង្ហាញពីលោក ម៉េង ឌី ទីប្រឹក្សាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោក ម៉ែន ដែន អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ព្រមទាំងអ្នកជំនាញមកពីតំបន់អឺរ៉ុប និងប្រទេសថៃដែលសុទ្ធមានជំនាញបច្ចេកទេស និងជំនាញច្បាស់លាស់ ជូនដល់អ្នកចូលរួមដែលជាជាងជំនាញមានបទពិសោធន៍ពី៥-១៥ឆ្នាំ និងម្ចាស់ហ្ការ៉ាសមួយចំនួន។

លោក ម៉េង ឌី បានឱ្យដឹងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង គឺចង់ឱ្យជាងឬហ្ការ៉ាសដែលផ្ដល់សេវាកម្មបំពាក់ប្រព័ន្ធហ្កាសសម្រាប់រថយន្ត កាន់តែយល់ដឹងបន្ថែមពីស្ដង់ដាសុវត្ថិភាពហ្កាស ខណៈកន្លងមកក៏មានហ្ការ៉ាស ឬជាងមួយចំនួននៅមានចំណុចខ្វះខាតលើបញ្ហាសុវត្ថិភាពនេះ។

លោក ម៉េង ឌី បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា អតិថិជនដែលប្រើប្រាស់រថយន្តហ្កាសគឺកាន់តែច្រើន ដែលទាមទារឱ្យមានការអនុវត្តវិធានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាអ្នករួមដំណើរ ដូច្នេះទើបមានការរៀបចំសិក្ខាសាលានេះឡើង ដើម្បីឱ្យអ្នកជំនាញបច្ចេកទេសពីប្រទេសប៉ូឡូញ ប្រទេសថៃ ដែលមានបទពិសោធន៍ជាង៤០ឆ្នាំមកហើយនោះ មកបង្ហាញពីលក្ខណៈស្ដង់ដាដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីពង្រឹងសុវត្ថិភាពទាំងអស់គ្នា។

លោក ម៉េង ឌី បានអំពាវនាវដល់សិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលានេះ នៅពេលត្រឡប់ទៅវិញ សូមអនុវត្តការបំពាក់ ការជួសជុលប្រព័ន្ធហ្កាស ក៏ដូចជាការបញ្ចូលហ្កាសជូនអតិថិជនប្រកបដោយលក្ខណៈស្ដងដា ពិសេសចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ដោយសារហ្កាសឱ្យបាន១០០ភាគរយនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀត ចំពោះអ្នកដែលមិនទាន់ជំនាញ ឬនៅមានភាពខ្វះចន្លោះ គួរតែស្វែងយល់លើការប្រើប្រាស់ហ្កាសនេះឱ្យកាន់តែមានសុវត្ថិភាព។

អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល លោក ម៉ែន ដែន ក៏បានលើកទឹកចិត្តដល់ហ្ការ៉ាសរថយន្តទាំងឡាយដែលផ្ដល់សេវាកម្មហ្កាស សូមអនុវត្តឱ្យបានត្រឹមត្រូវតាមស្ដង់ដាសុវត្ថិភាព ដែលលោកពោលថា <<២បូក២ស្មើ៤>> បានន័យថា ធ្វើឱ្យត្រឹមត្រូវតាមស្ដង់ដា ដើម្បីជួយឱ្យអ្នកប្រើប្រាស់មានសុវត្ថិភាព ទប់ស្កាត់ហានិភ័យនានា។

លោកអនុរដ្ឋលេខាធិការបានបន្តថា ការប្រើប្រាស់ហ្កាស គឺជួយកាត់បន្ថយចំណាយ សន្សំសំចៃ កាត់បន្ថយផលប៉ះពាល់ក្នុងបរិស្ថាន តែសម្ភារៈទាំងអស់ត្រូវមានស្ដង់ដាសុវត្ថិភាពជារឿងសំខាន់ ធ្វើយ៉ាងណាធានាសុវត្ថិភាព និងសេវាកម្មល្អជូនអតិថិជន ក៏ដូចជាប្រទេសជាតិផង។

<<នាពេលអនាគត រាជរដ្ឋាភិបាលនឹងមានអង្គភាពមួយ ដើម្បីត្រួតពិនិត្យលើស្ដង់ដាបច្ចេកទេសនៃការផ្ដល់សេវាកម្មហ្កាសរថយន្ត ដូច្នេះយើងនឹងសិក្សាបន្តទៀតលើបញ្ហានិងកិច្ចការងារនេះ>> នេះជាការបន្ថែមរបស់លោកអនុរដ្ឋលេខាធិការ ម៉ែន ដែន។

គួរជម្រាបថា សិក្ខាសាលាដ៏មានសារសំខាន់នេះដែរ ក៏មានការធ្វើបទបង្ហាញពីសំណាក់លោក អាឡិចស៉ី រូដិនកូ (Alexy Rudenko) អ្នកជំនាញបច្ចេកទេសមកពីប្រទេសប៉ូឡូញ និងលោក សុរាជាតិ យុទ្ធាវរវិត (Surachat Yutthavoravit) អ្នកជំនាញបច្ចេកទេសមកពីប្រទេសថៃផងដែរ៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...