លោក ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មទំនើប មិនគ្រាន់តែអាចទិញធាតុចូល ក្នុងតម្លៃទាបជាងការទិញរៀងៗខ្លួននោះទេ តែក៏មិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ

Posted By: RoogRog Robot | 06-Oct-2024 19:51:34

2024-10-06 07:49pm

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថាសហគមន៍កសិកម្មទំនើប មិនគ្រាន់តែអាចទិញធាតុចូល ក្នុងតម្លៃទាបជាងការទិញរៀងៗខ្លួននោះទេ តែក៏មិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ។

បើតាម លោក ឃឹម ហ្វីណង់, សហគមន៍ស្វាយចន្ទីពីរទៀត គឺសហគមន៍កសិកម្មទំនើប<<ប្រាសាទសំបូររុងរឿង>> និងសហគមន៍កសិកម្មទំនើប <<កំពង់ធំសាលាវិស័យ>> ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដំណាលគ្នាជាមួយសហគមន៍កសិកម្មទំនើប<<ទំរីងកំពង់ធំ>> កាលពីម្សិលមិញនេះ។

លោក បានបន្តថា ជាមួយនឹងផ្ទៃដីផលិតកម្មសរុបជាង១ពាន់ហិកតា សហគមន៍ទាំង៣នេះអាចមានសមត្ថភាពបញ្ជាទិញជីរួមគ្នា ទាំងជីសរីរាង្គនិងជីគីមី ក្នុងទំហំប្រហែល៣៥០តោនក្នុងពេលតែមួយ។

លោក បានគូសបញ្ជាក់ថា នេះជាមូលហេតុចម្បងធ្វើឱ្យសហគមន៍ទាំងនេះអាចសន្សំសំចៃលើការចំណាយថ្លៃជីសរុប ក្នុងចន្លោះពី១០០លានរៀល រហូតដល់១៥០លានរៀល ប្រសិនបើធៀបទៅនឹងការចំណាយលើថ្លៃជីរបស់កសិករម្នាក់ៗបូកបញ្ចូលគ្នា មុនពេលចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប ព្រោះអ្នកខ្លះធ្លាប់តែទិញរាយម្តងបន្តិចៗ ឬទិញជំពាក់រហូតដល់ពេលប្រមូលផលទើបទូទាត់សង។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានគូសរំលេចថា <<អ្វីដែលរឹតតែប្រសើរជាងនេះទៅទៀតនោះគឺ សមាជិកម្នាក់ៗមិនគ្រាន់តែអាចទិញធាតុចូល ក្នុងតម្លៃទាបជាងការទិញរៀងៗខ្លួននោះទេ តែពួកគាត់ក៏មិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ ក្រោយពេលចូលរួមនៅក្នុងសហគមន៍កសិកម្មទំនើប>>៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...