លោក ពុយ គា៖ កម្ពុជាសកម្មជាងគេ ក្នុងការដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

Posted By: RoogRog Robot | 12-Jun-2024 18:23:56

2024-06-12 05:17pm

(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្មជាងគេ ក្នុងការស្វះស្វែងរកដំណោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។

ការថ្លែងបែបនេះរបស់លោក ពុយ គា ធ្វើឡើងក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ <<គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន>> នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្ដីការក្រសួងការបរទេស។

ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា <<ខ្ញុំសូមធ្វើការចាប់អារម្មណ៍ចំពោះតួនាទីកម្ពុជា ដូចរឿងសមុទ្រចិនខាងត្បូង ដែលកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ផងដែរ ដូចរឿងភូមានេះតាំងពីដើមរហូតមកដល់បច្ចុប្បន្ន កម្ពុជាមិនដែលបោះបង់ គឺថាខ្មែរយើងគឺសកម្មជាងគេ សម្ដេចតេជោ ហ៊ុន សែន គឺសកម្មមែនទែន ថ្មីៗនេះសម្ដេចព្យាយាមជួបជាមួយ លោក មីន អោងឡាំង អីចឹង ចំពោះសមាជិកអាស៊ានទាំង១០ គឺមានតែកម្ពុជាទេដែលសកម្មជាងគេ ឈឺឆ្អាលជាងគេ គឺបញ្ហាភូមាតែម្ដង នេះជាអ្វីដែលខ្ញុំចាប់អារម្មណ៍>>។

ជាមួយគ្នានេះ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងហើយថា ត្រូវតែរៀបចំគោលការណ៍អន្តរកាលមួយ ដែលត្រូវអនុវត្តពីប្រធានអាស៊ានមួយទៅប្រធានមួយ ដោយវាមានភាពចាំបាច់ដែលយើងត្រូវបង្កើតឱ្យមាននិរន្តភាព​នៅក្នុងចូលរួមចំណែក ជំរុញកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុចសម្រាប់អាស៊ាន ដែលជាឯកសារយោងសំខាន់សម្រាប់ជួយមីយ៉ាន់ម៉ា ដែលមានអនុម័តដោយកម្ពុជាក្នុងឆ្នាំ២០២២ ខណៈដែលកម្ពុជាបានទទួលញញួរជាប្រធានអាស៊ាន។

គួរឱ្យដឹងថា កាលពីឆ្នាំ២០២២ គ្រាដែលប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានប្រឹងប្រែងយ៉ាងខ្លាំងចាប់តាំងពីទទួលបានញញួរអាស៊ាន កាលពីដើមឆ្នាំ២០២២ ដើម្បីជួយដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាមួយលើក ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់អាស៊ាន បានធ្វើដំណើរទៅមីយ៉ាន់ម៉ាពីរលើកផងដែរ ដើម្បីជួបជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ា រកដំណោះស្រាយរួមមួយដើម្បីសន្តិភាពក្នុងតំបន់៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...