សម្តេចតេជោ ហ៊ុន សែន អំពាវនាវឧកញ៉ា និងអ្នកឧកញ៉ា ត្រូវរួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យបាន បើសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់ (Video inside)

Posted By: RoogRog Robot | 26-Apr-2024 22:05:50

2024-04-26 08:59pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានប្រកាសដោយមានជំនឿចិត្តថា កម្ពុជាត្រូវតែសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យបានបើទោះបីជាកម្ពុជា មិនអាចរកទុនពីបរទេសមកវិនិយោគក្តី ក៏កម្ពុជាត្រូវរកទុនក្នុងស្រុក តាមរយៈអ្នកឧកញ៉ា និងឧកញ៉ា ដែលជាអ្នកមានធនធាន។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ក្នុងការកៀរគរទុនមកវិនិយោគឱ្យខានតែបាន ព្រោះគម្រោងនេះផ្តល់ប្រយោជន៍យ៉ាងធំធេង សម្រាប់ប្រជាជនកម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា <<សូមប្រជាជនកម្ពុជាយល់ថា យើងទទួលបានផលប្រយោជន៍ពីព្រែកជីកនេះវាធំធេង ដូច្នេះហើយខ្ញុំសុំឱ្យអ្នកឧកញ៉ា និងឧកញ៉ាដែលមានទុន ក្នុងករណីដែលយើងមិនអាច រកទុនពីក្រៅមក ព្រែកជីកនេះត្រូវតែធ្វើឱ្យបានតាមរយៈ នៃការចូលរួមទាំងអស់គ្នា ជាភាគហ៊ុនដើម្បីធ្វើ។ ខ្ញុំនឹងឈរនៅជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ប្រមូលផ្តុំអ្នកដែលមានទុន ចូលរួមវិនិយោគដើម្បីផលចំណេញ ហើយព្រែកជីកនេះច្បាស់ជាមានផលចំណេញធ្វើព្រែកជីក>>។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...