តៃវ៉ាន់អះអាងថា នាវាឆ្មាំសមុទ្រចិន៤គ្រឿង រំលោភចូលដែនទឹកហាមឃាត់របស់ខ្លួន

Posted By: RoogRog Robot | 07-May-2024 14:13:43

2024-05-07 02:09pm

(តៃប៉ិ)៖ ទីក្រុងតៃប៉ិបាននិយាយថា នាវាឆ្មាំសមុទ្រចិនចំនួន៤គ្រឿង បានធ្វើដំណើរបំពានចូលមួយភ្លែត ក្នុងដែនទឹកដែលត្រូវបានហាមឃាត់​របស់តៃវ៉ាន់ ហើយបានទទូចឱ្យទីក្រុងប៉េកាំង បញ្ឈប់សកម្មភាពនានា ដែលអាចបង្កគ្រោះថ្នាក់ដល់ ការធ្វើនាវាចរណ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

កងឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមនាវាចិនខាងលើ បានបើកចូលដែនទឹក នៅភាគខាងត្បូងកោះ Kinmen ដែលស្ថិតក្រោម ការគ្រប់គ្រងរបស់តៃវ៉ាន់ ប៉ុន្តែមានចម្ងាយត្រឹម៥គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង Xiamen នៃប្រទេសចិន នៅខ្ទង់ម៉ោង៣៖៣០នាទីរសៀល។ ប្រមាណជា ១ម៉ោងក្រោយមក ក្រុមនាវាឆ្មាំសមុទ្រចិន ក៏បានធ្វើដំណើរចេញផុតពី ដែនទឹកដែលតៃវ៉ាន់អះអាងថា ជាដែនទឹកហាមឃាត់វិញ ហើយឆ្មាំសមុទ្រតៃវ៉ាន់ បានទទូចឱ្យទីក្រុងប៉េកាំងឈប់ធ្វើសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព​នៃការធ្វើនាវាចរណ៍ តទៅទៀត។

គួរបញ្ជាក់ថា ឧប្បត្តិហេតុកាលពីថ្ងៃចន្ទ គឺកើតមានឡើងនៅរយៈពេល២សប្តាហ៍ មុនការស្បថចូលកាន់តំណែងជាផ្លូវការ របស់លោក Lai Ching-te ដែលជាមេដឹកនាំជាប់ឆ្នោតតៃវ៉ាន់។ លោក Lai ត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ ដែលនឹងនាំតៃវ៉ាន់ដើរលើគន្លងផ្លូវ ដែលប្រឈមនឹងសង្រ្គាមព្រមទាំងឱនភាព។ តៃវ៉ាន់ត្រូវប្រទេសចិនចាត់ទុក ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយចិនមិនដែលបោះបង់ចោល ជម្រើសនៃការបង្រួបបង្រួមគ្នាវិញ ជាមួយតៃវ៉ាន់នៅថ្ងៃណាមួយ ដោយប្រើកម្លាំងយោធានោះឡើយ ប្រសិនបើចាំបាច់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...