មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)​ បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីអំពីការគាំទ្រចិត្តសង្គម (ToT) រយៈពេល៥ថ្ងៃ នៅខេត្តសៀមរាប

Posted By: RoogRog Robot | 26-Apr-2024 09:09:27

2024-04-26 08:05am

(សៀមរាប)៖ ចាប់ពីថ្ងៃទី២២ ដល់ ២៦ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានសហការជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អ.ម.ធ)/អាជ្ញាធរមីន (CMAA) រួមជាមួយក្រសួងសុខាភិបាលកម្ពុជា និងសេវាសុខាភិបាល សិង្ហបុរី (SingHealth) មានមោទកភាពក្នុងការប្រកាសបើកកម្មវិធីលើកទី៥ នៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីអំពីការគាំទ្រចិត្តសង្គម (ToT)។

កម្មវិធីនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ វគ្គបណ្ដុះបណ្ដាលរយៈពេលចំនួន៦ថ្ងៃនេះ បានបង្ហាញពីព្រឹត្តការណ៍ដ៏សំខាន់មួយដែលលើកកម្ពស់និងគាំទ្រដល់គំនិតផ្ដួចផ្ដើមនៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាមួយរដ្ឋសមាជិកអាស៊ាន។

គម្រោង <<ការលើកកម្ពស់កម្មវិធី នៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន>> ឬត្រូវបានគេស្គាល់ថាជាគម្រោង <<កិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម>> បានទទួលជំនួយថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKCF)។ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលត្រូវបានផ្ដួចផ្ដើមឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្រ្ដីសុខាភិបាល បុគ្គលិកសហគមន៍ និងបណ្ដាញគាំទ្រនូវចំណេះដឹង និងជំនាញសំខាន់ៗ ដើម្បីផ្ដល់ការគាំទ្រគ្រប់ជ្រុងជ្រោយជូនដល់ជនរងគ្រោះដែលរស់រានមានជីវិតពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ។

លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានថ្លែងថា៖ <<ពួកយើងពិតជាមានក្ដីសោមនស្សរីករាយ ក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលនេះឡើង ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ដែលរងផលប៉ះពាល់ពីឧប្បត្ដិហេតុយុទ្ធភណ្ឌគ្រឿងផ្ទុះ។ តាមរយៈគំនិតផ្ដួចផ្ដើមនេះ ក្នុងគោលបំណងផ្ដល់សិទ្ធិអំណាចដល់បុគ្គលម្នាក់ៗ ជាមួយនឹងឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការគាំទ្រទៅដល់ការផ្លាស់ប្ដូរដ៏មានប្រសិទ្ធិភាព និងប្រកបដោយអត្ថន័យជូនដល់ជនរងគ្រោះ និងអ្នកទទួលរងផលប៉ះពាល់ពីព្រឹត្តការណ៍នៃឧប្បត្ដិហេតុនៃយុទ្ធភណ្ឌគ្រឿងផ្ទុះ>>។

លោក ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន បានលើកឡើងថា៖ <<ពួកយើងពិតជាមានមោទកភាពក្នុងកិច្ចសហការធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះជាមួយ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដោយបន្តការប្ដេជ្ញាចិត្តរបស់ពួកយើងក្នុងការលើកកម្ពស់កម្មវិធីនៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន។ តាមរយៈការពង្រឹងសមត្ថភាពដល់មន្រ្ដីសុខាភិបាល និងបុគ្គលិកសហគមន៍ អំពីជំនាញដ៏មានសារៈសំខាន់នេះពួកយើងមានគោលបំណងបង្កើតនូវផលជះដ៏មានអត្ថន័យក្នុងការផ្ដល់ការគាំទ្រដល់ជនរងគ្រោះថ្នាក់ដោយសារឧប្បត្ដិហេតុនៃយុទ្ធភណ្ឌគ្រឿងផ្ទុះ។

ក្នុងនាមជាដៃគូដែលខិតខំប្រឹងប្រែងនៅក្នុងគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់នេះ សេវាសុខាភិបាល សិង្ហបុរី (SingHealth) ប្ដេជ្ញាចិត្តចូលរួមចំណែកក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ពួកយើងមានគោលបំណងពង្រឹងសមត្ថភាពរបស់បុគ្គលម្នាក់ៗ ដើម្បីឱ្យគាត់អាចផ្ដល់ការគាំទ្រចិត្តសង្គម ដល់ជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម>>។

ប្រសាសន៍របស់លោកស្រី Tan Irene នាយិកាកម្មវិធីនៃការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃសេវាសុខាភិបាលសិង្ហបុរី (SingHealth) កម្មវិធីនៃវគ្គបណ្ដុះបណ្ដាលនឹងរួមបញ្ចូលនូវប្រធានបទជាច្រើន រួមមានផលប៉ះពាល់ចិត្តសង្គមដោយសារមីន, ការកំណត់ស្ថានភាពនៃសុខភាពផ្លូវចិត្ត, ការគ្រប់គ្រងជំនួយបឋមផ្នែកផ្លូវចិត្ត, និងការអនុវត្តយុទ្ធសាស្រ្ដថែទាំខ្លួនឯងសម្រាប់អ្នកថែទាំ។ សិក្ខាកាមទាំងអស់នឹងចូលរួមវគ្គអន្តរកម្ម ការសម្ដែងតួ និងការពិភាក្សាក្រុម ដើម្បីអភិវឌ្ឍជំនាញ និងការយល់ដឹងរបស់ពួកគាត់ក្នុងការផ្ដល់ការគាំទ្រចិត្តសង្គម។

លោកស្រី Tan Irene បានគូសបញ្ជាក់ថា៖ <<ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូសហការដ៏ល្អ និងគួរអោយគោរពរួមមាន អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ សារមីន (អ.ម.ធ)/អាជ្ញាធរមីន (CMAA) ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (MoH) សេវាសុខាភិបាល សិង្ហបុរី (SingHealth) ព្រមទាំងជំនួយថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKCF)។

<<ពួកយើងរួមគ្នាប្ដេជ្ញាចិត្ត ក្នុងការអភិវឌ្ឍសហគមន៍ឱ្យមានសមត្ថភាពកាន់តែប្រសើរឡើង និងផ្ដល់ការគាំទ្រដោយការយកចិត្តទុកដាក់ដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ>>។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់ អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...