គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បោះឆ្នោតសម្រេចបិទប្រតិបត្តិការទូរទស្សន៍ Al Jazeera របស់កាតា

Posted By: RoogRog Robot | 05-May-2024 20:56:45

2024-05-05 07:54pm

(យេរូហ្សាឡឹម)៖ គណៈរដ្ឋមន្ត្រីរបស់ លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតសម្រេចបិទប្រតិបត្តិការរបស់ Al Jazeera ក្នុងប្រទេសអ៊ីស្រាអែល ដរាបណាសង្រ្គាមនៅហ្គាហ្សានៅតែបន្ត ដោយលើកឡើងពីការគំរាមកំហែងរបស់បណ្តាញទូរទស្សន៍កាតាមួយនេះ ចំពោះសន្តិសុខជាតិរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែឧសភា​ ឆ្នាំ២០២៤។

លោក Netanyahu បានប្រកាសពីការសម្រេចចិត្តនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទដោយគណៈរដ្ឋមន្ត្រី។ លោកបាននិយាយយ៉ាងដូច្នេះថា <<បណ្តាញញុះញង់ al-Jazeera ក្នុងប្រទេសអ៊ីស្រាអែល នឹងត្រូវបានបិទ>>។

រដ្ឋាភិបាលបានគូសបញ្ជាក់ពី វិធានការជាបន្ទាន់ដែលត្រូវធ្វើ រួមមានការបិទការិយាល័យរបស់ Al Jazeera ការរឹបអូសឧបករណ៍ផ្សាយ ការបញ្ឈប់ការបញ្ជូនតាមប្រព័ន្ធខ្សែកាប និងផ្កាយរណប និងការបិទការចូលទៅកាន់គេហទំព័រអនឡាញផងដែរ។

គួរជម្រាបថា ការសម្រេចចិត្តនេះកើតចេញពីសកម្មភាពនីតិប្បញ្ញត្តិនាពេលថ្មីៗនេះក្នុងប្រទេសអ៊ីស្រាអែល ដោយសភាបានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអាចបិទបណ្តោះអាសន្ននូវទូរទស្សន៍បរទេស ដែលចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ច្បាប់នេះផ្តល់ឱ្យ លោក Netanyahu និងគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក នូវសិទ្ធិអំណាចក្នុងការអនុវត្តការបិទសម្រាប់រយៈពេលរហូតដល់ ៤៥ ថ្ងៃជាមួយនឹងជម្រើសសម្រាប់ការពន្យារពេល។

Al Jazeera ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកាតា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថាមានហានិភ័យផ្នែកសន្តិសុខ ហើយបានថ្កោលទោសការបិទនេះថាជាការរំលោភលើសេរីភាពសារព័ត៌មាន និងជាការប៉ុនប៉ងដើម្បីបំបិទមាត់អ្នកប្រឆាំង។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ីស្រាអែល នៅតែប្រកាន់ជំហររបស់ខ្លួន ដោយសង្កត់ធ្ងន់លើភាពចាំបាច់ នៃការការពារផលប្រយោជន៍សន្តិសុខជាតិ ចំពេលមានជម្លោះដែលកំពុងបន្ត៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...