ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន៧មករា

Posted By: RoogRog Robot | 25-Apr-2024 22:42:14

2024-04-25 09:40pm

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ <<ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ>>។

បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី៩ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្ស មកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៣៨រូប នៅវិមាន៧មករា រាជធានីភ្នំពេញ។

ក្នុងបទឧទ្ទេសនាម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបែងចែកខ្លឹមសារជា២ផ្នែកគឺ៖ ព័ត៌មានជុំវិញវឌ្ឍនភាព នៃវិស័យមុខងារសាធារណៈ រួមទាំងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអាណត្តិទី៧ និងខ្លឹមសារសំខាន់ ជុំវិញភាពជាអ្នកដឹកនាំ ក៏ដូចជាគំរូវីរភាពរបស់ឥស្សរជននានា នៅក្នុងការកែទម្រង់ និងលើកកម្ពស់រដ្ឋបាលសាធារណៈ។

លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់លើការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ជាពិសេសការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលកំពុងមានប្រជាប្រិយភាព និងទទួលបានការសាទរពីមហាជន, ការវិភាគមុខងារក្រសួង ស្ថាប័ន, និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីភាពជាគម្រូ និងគោលការណ៍ការដឹកនាំ ដោះស្រាយរាល់បញ្ហាដែលកម្ពុជា បានជួបប្រទះពីដំណាក់កាលមួយទៅដំណាក់កាលមួយ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការសិក្សាឈ្វេងយល់ពីលំអាននៃការដឹកនាំរបស់ឥស្សរជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន សម្រាប់ធ្វើជាមូលដ្ឋាននៃការពិចារណា និងការអនុវត្តការងារជាក់ស្តែង។ លោកក៏បានរំលឹកបន្ថែមពីគោលការដឹកនាំ និងសារដាស់តឿនសំខាន់ៗ ក៏ដូចជាអភិក្រមនានា ដែលអ្នកដឹកនាំត្រូវប្រកាន់ខ្ជាប់ ដោយធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងរក្សាទំនាក់ទំនងល្អជាមួយប្រជាជន និងផ្តល់សេវាឲ្យបានល្អប្រសើរជូនដល់ប្រជាជន ឲ្យបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។

សូមជម្រាបថា វគ្គអប់រំនយោបាយគណបក្សកម្រិត២ មានការអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមដោយឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូប ដើម្បីផ្តល់នូវពុទ្ធិ និងចំណេះដឹង ក៏ដូចជាបទពិសោធន៍ ដែលវាគ្មិនធ្លាប់បានជួបប្រទះកន្លងមក នៅលើទិដ្ឋភាពនៃការដឹកនាំ ទិដ្ឋភាពនៃការគ្រប់គ្រងការងាររដ្ឋ ការងារបក្ស និងសង្គមមហាជន ជូនទៅដល់សិក្ខាកាមទាំងអស់គ្នា។

វគ្គនេះ រៀបចំឡើងក្នុងគោលបំណង ទី១៖ ផ្តល់ចំណេះដឹងសំខាន់ និងចាំបាច់មួយចំនួនដល់មន្ត្រីគណបក្ស ជាពិសេសមន្ត្រីបន្តវេន អំពីវិធីសាស្ត្រត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្ត្រ អំពីការងារចលនាមហាជនរប់សគណបក្ស និងអំពីគោលការណ៍ នៃការកសាងគណបក្ស, ទី២៖ លើកកម្ពស់ការយល់ដឹងអំពីគណបក្ស (បុព្វហេតុ សមិទ្ធផល និងបណ្តាមេរៀនជាប្រវត្តិសាស្ត្រ) អំពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់អង្គការចាត់តាំងគណបក្សនៅថ្នាក់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អំពីសភាពការណ៍ជាតិ និងអន្តរជាតិ និងបណ្តាភារកិច្ចរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ន និងទី៣៖ លើមូលដ្ឋាននេះ ពង្រឹងការឯកភាពខាងទស្សនៈ គោលជំហរ សតិអារម្មណ៍ លើកកម្ពស់សមត្ថភាព គុណធម៌ និងការទទួលខុសត្រូវរបស់មន្ត្រីគណបក្ស ក្នុងការចូលរួមកសាងពង្រឹងគណបក្ស ការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក៏ដូចជាការរក្សា និងពង្រឹងប្រៀបខ្លាំង ប្រៀបឈ្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...