នាយករដ្ឋមន្រ្តីអង់គ្លេស រំពឹងថានឹងធ្វើឱ្យទំនាក់ទំនងការពារជាតិ កាន់តែស៉ីជម្រៅ ក្នុងដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់

Posted By: RoogRog Robot | 24-Apr-2024 12:46:41

2024-04-24 11:42am

(បែរឡាំង)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak នឹងត្រូវជួបអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចដែលទន្ទឹងរង់ចាំជាយូរមកហើយ ទៅកាន់ទីក្រុងបែរឡំាង ដោយមេដឹកនាំអង់គ្លេសរំពឹងថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការស​ន្តិសុខកាន់តែស៉ីជម្រៅ បន្ទាប់ពីទីក្រុងឡុងដ៍ ប្រកាសបង្កើនការចំណាយលើវិស័យការពារជាតិ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។

បើតាមរដ្ឋាភិបាលអង់គ្លេស លោក Sunak និងលោក Scholz គ្រោងប្រកាសពីផែនការអភិវឌ្ឍប្រព័ន្ធកាំភ្លើងធំ RCH 155 ហើយពិភាក្សាគ្នាអំពីកិច្ចសហការលើគម្រោងថាមពល រួមទាំង ការវិនិយោគផ្នែកថាមពលរបស់អាល្លឺម៉ង់ផងដែរ។ លោក Sunak បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា <<ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ គឺជាមហាអំណាចអឺរ៉ុប។ ការរួបរួមគ្នា នឹងធ្វើឱ្យ យើងកាន់តែរឹងមាំ មិនថាលើការការពារខ្លួនប្រឆាំងរុស្ស៉ី ជំរុញកំណើនសេដ្ឋកិច្ច ឬការរីកចម្រើនផ្នែកបច្ចេកវិទ្យានោះទេ>>។ លោក Sunak បន្ថែមថា <<ក្នុងបរិបទដ៏គ្រោះថ្នាក់សម្រាប់ពិភពលោកនេះ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ កំពុងឈរនៅក្បែរគ្នាដើម្បីការពារសន្តិសុខ វិបុលភាពជាតិ និងនៅទូទាំងតំបន់របស់យើង>>។

គួរបញ្ជាក់ថា លោក Sunak មិនបានបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ឡើយ ចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស កាលពីខែតុលា ឆ្នាំ២០២២មក។ ដំណើរទស្សនកិច្ច នៅពេលនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានប្រកាសបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ២.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣០ ដោយលើកឡើង ពីបញ្ហាប្រឈមចំពោះបណ្តាប្រទេសអឺរ៉ុប និងការព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយអាល្លឺម៉ង់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...