ពលរដ្ឋនៅស្រុកស្វាយជ្រំ៣០គ្រួសារ នាំគ្នាដាំបន្លែចម្រុះគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក និងនាំទៅលក់នៅភ្នំពេញ

Posted By: RoogRog Robot | 06-May-2024 16:54:13

2024-05-06 03:52pm

(ស្វាយរៀង)៖ ប្រជាពលរដ្ឋរស់នៅភូមិត្របែកនិងភូមិឃ្មត់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បាននាំគ្នាដាំបន្លែចម្រុះធម្មជាតិជាច្រើនប្រភេទ ដាក់លក់នៅផ្សារស្វាយជ្រំ និងតាមផ្សារនានា បានកម្រៃបន្ថែមលើរបរធ្វើស្រែចំការ និងមានជីវភាពប្រសើរជាងមុន។

កសិករ ព្រហ្ម សារ៉ាន ដែលប្រកបរបរដាំបន្លែលក់ បានឲ្យដឹងថា គ្រួសារគាត់ក៏ដូចជាអ្នកក្នុងភូមិផ្សេងទៀត បានងាកមកនាំគ្នាដាំបន្លែចម្រុះស្ទើគ្រប់ខ្នងផ្ទះ ហើយកាត់បន្លែលក់រហូត យកមកកាន់ទីផ្សារ ក្នុងនោះក៏មានអ្នកសាងលក់បន្ត ហើយអ្នកខ្លះទៀតក៏អង្គុយលក់បន្លែដោយខ្លួនឯងដែរ។

កសិកររូបនេះ បានបន្តថា បន្លែដែលគ្រួសារគាត់ដាំនោះមាន ត្រកួន ភ្លៅកង្កែប ស្ពៃ ត្រប់ ល្ពៅ ត្រឡាច ននោង ត្រសក់ កញ្ឆែត ដងវែក កណ្តៀង ស្លឹកគ្រៃ ស្លឹកខ្ទឹម ជីរណា ជីសព្វមុខ និងបន្លែផ្សេងៗច្រើនមុខទៀត ដែលរកកម្រៃបានគួរសមដែរ ក្នុងមួយថ្ងៃអាចរកបានពី៦ម៉ឺនរៀលទៅ១០ម៉ឺនរៀល។

អ្នកមីង ប៊ុន ភាព បានបញ្ជាក់ថា ក្នុងការងារបន្លែនេះធ្វើឲ្យជីវភាពគ្រួសារគាត់បានប្រសើរជាងមុនមួយកម្រិត ហើយមិនតែប៉ុណ្ណោះ អាចចិញ្ចឹមត្រីក្នុងស្រះដែលដាំកញ្ឆែតថែមទៀត។ ចំពោះការងារធ្វើស្រែចំការ គ្រួសារគាត់នៅតែធ្វើធម្មតាគ្រាន់តែបន្ថែមការដាំបន្លែលើការងារធ្វើស្រែចំការព្រោះដីនៅជុំវិញផ្ទះទំនេរ មានតែដាំបន្លែបង្កាគ្រាន់ហូបនិងលក់យកលុយចាយខ្លះ។

ជុំវិញការដាំបន្លែពីកសិករនៅស្រុកស្វាយជ្រំនេះ លោក តូច សេក ប្រធានការិយាល័យកសិកម្មស្រុកស្វាយជ្រំ បានឲ្យដឹងថា កសិករដាំបន្លែចម្រុះនៅភូមិត្របែកនិងភូមិឃ្មត់នោះមានចំនួន៣០គ្រួសារ ហើយពួកគាត់យកមកលក់នៅផ្សារស្វាយជ្រំនិងមានការចងក្រងជាសហគមលក់បន្តផងដែរ។

លោកបានបន្តទៀតថា ចំព្រោះបច្ចេកទេសក្នុងការដាំបន្លែនេះ បានរៀនបច្ចេកទេសពីខាងកសិកម្ម ដើម្បីយកមកអនុវត្តលើការងារដាំដុះរបស់ពួកគាត់ ចំព្រោះបញ្ហាប្រឈមវិញបច្ចុប្បន្ននេះដោយសារការប្រែប្រួលអាកាសធាតុ ពោលគឺមានការឡើងកម្តៅខ្លាំងធ្វើឲ្យប្រជាកសិករ ពុំសូវទទួលបានផលល្អនោះទេគឺមេឃក្តៅខ្លាំងហើយបន្លែរបស់គាត់ត្រូវការទឹកជាចាំបាច់ផងដែរ។

បន្ថែមលើកពីនេះកសិករ ក៏បានស្នើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជំនាញ សូមជួយទប់ស្កាត់ក៏ដូចជាកាត់បន្ថយការនាំចូលបន្លែ ពីក្រៅប្រទេស ដែលធ្វើឲ្យបន្លែនៅក្នុងស្រុក លក់បានតម្លៃថោក ហើយនាំគ្នាលើកស្ទួយបន្លែក្នុងស្រុកវិញ ដើម្បីកសិករមានកម្លាំងចិត្តក្នុងការដាំដុះបន្ថែមទៀត៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...