កូរ៉េខាងជើង ធ្វើតេស្ដក្បាលគ្រាប់ខ្នាតយក្ស សម្រាប់បំពាក់លើមីស៊ីលគ្រូសយុទ្ធសាស្ត្រ

Posted By: RoogRog Robot | 20-Apr-2024 10:48:31

2024-04-20 09:42am

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី២០ ខែមេសានេះបានឱ្យដឹងថាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដក្បាលគ្រាប់មីស៊ីលគ្រូស និងបាញ់សាកល្បង មីស៊ីលប្រឆាំងយន្ដហោះចម្បាំងស៊េរីថ្មីមួយ នៅតំបន់សមុទ្រខាងលិចនៃឧបទ្វីបកូរ៉េ (West Sea of Korea)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម KCNA កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដក្បាលគ្រាប់ខ្នាតយក្សដ៏មានថាមពលមួយត្រូវបានផលិតឡើង សម្រាប់បំពាក់លើមីស៊ីលគ្រូសយុទ្ធសាស្ត្រ Hwasal-1 Ra-3 និងបាន ធ្វើតេស្ដលើមីស៊ីលប្រឆាំងយន្ដហោះចម្បាំងស៊េរីថ្មីមួយឈ្មោះ Pyoljji-1-2 កាលពីរសៀលថ្ងៃសុក្រ ទី១៩ ខែមេសា។

គួរបញ្ជាក់ថា មីស៊ីលគ្រូសយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងត្រូវបានក្រុមអ្នកជំនាញជឿថាផលិតឡើងសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ កាលពីដើមខែមេសាកន្លងទៅ កូរ៉េខាងជើង ក៏បាននិយាយដែរថាខ្លួនបានធ្វើតេស្ដបាញ់មីស៊ីលល្បឿនលឿងជាងសំឡេងរយៈចម្ងាយមធ្យមថ្មីមួយ ក្រោមការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន។ ទីក្រុងព្យុងយ៉ាង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិ ចាប់តាំងពីដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី២ ក្នុងឆ្នាំ២០០៩។ ប៉ុន្តែទោះជាប់ទណ្ឌកម្មក៏ដោយ ក៏ការអភិវឌ្ឍកម្មវិធីអាវុធរបស់ កូរ៉េខាងជើងនៅតែរីកចម្រើនទៅមុខ។

មកទល់នឹងឆ្នាំនេះ កូរ៉េខាងជើងបានប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បង និងប្រកាសបោះបង់ចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ ហើយគំរាមថាសង្រ្គាមនឹងផ្ទុះឡើង ប្រសិនបើទឹកដីកូរ៉េខាងជើងរងការឈ្លានពានសូម្បីតែមួយចំអាមក៏ដោយ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...