បុរសម្នាក់ត្រូវបានចាប់ខ្លួនក្នុងទីក្រុងប៉ារីស បន្ទាប់ពីគម្រាមបំផ្ទុះខ្លួនឯងនៅស្ថានកុងស៊ុលអ៊ីរ៉ង់

Posted By: RoogRog Robot | 19-Apr-2024 22:38:39

2024-04-19 09:33pm

(ប៉ារីស)៖ ប៉ូលិសបារាំងបានចាប់ខ្លួនបុរសម្នាក់ ដែលគម្រាមបំផ្ទុះខ្លួនឯង នៅស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ (ទី១៩ មេសា)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពពីប៉ូលីសបានប្រាប់ Reuters ថា បុរសនោះបានចូលទៅក្នុងស្ថានកុងស៊ុល នៅវេលាម៉ោងប្រហែល ១១ ព្រឹក (ម៉ោងក្នុងស្រុក) ដោយកាន់របស់ដែលមើលទៅដូចជាគ្រាប់បែកដៃ និងអាវកាក់ផ្ទុះ។

បន្ទាប់មកប៉ូលីសបានបិទតំបន់នោះ ហើយសេវាកម្មរបស់ខ្សែរថភ្លើងក្រោមដីក្បែរនោះ ក៏ត្រូវផ្អាកដំណើរការផងដែរ ក្រោមហេតុផលសុវត្ថិភាព។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយមកបុរសខាងលើបានចាកចេញពីស្ថានកុងស៊ុល ហើយបន្ទាប់ពីឆែកឆេរ ឃើញថាគាត់មិនមានផ្ទុកសារធាតុផ្ទុះអ្វីឡើយ។

កាសែត Le Parisien បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា យោងតាមសាក្សីមួយចំនួនបានឱ្យដឹងថា បុរសនោះបានអូសទង់ជាតិពីមុខស្ថានកុងស៊ុល ហើយនិយាយថា គាត់ចង់សងសឹកចំពោះការសម្លាប់បងប្រុសរបស់គាត់។

ទោះជាយ៉ាងណា វាមិនច្បាស់ទេថា តើរឿងនេះមានទំនាក់ទំនងអ្វីទៅនឹងភាពតានតឹងដែលកើនឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដែរ ឬទេ។

គួរជម្រាបថា នៅព្រឹកថ្ងៃសុក្រនេះ ការផ្ទុះមួយត្រូវបានគេឮនៅក្នុងទីក្រុង Isfahan របស់អ៊ីរ៉ង់ ដែលប្រភពបាននិយាយថា ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល។ ទោះជាយ៉ាងណាទីក្រុង Tehran បានបន្ទាបពីសារៈសំខាន់នៃឧប្បត្តិហេតុនេះ ហើយបង្ហាញថា ខ្លួនមិនមានផែនការសងសឹកទេ ដែលជាការឆ្លើយតបមួយ ដែលត្រូវបានគេយល់ថា មាន​គោល​បំណង​បញ្ចៀស​ជម្លោះ​កាន់​តែ​ធំ​ឡើង​ក្នុង​តំបន់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...