នគរបាលកម្ពុជាសហការជាមួយនគរបាលកូរ៉េ ចាប់ខ្លួនជនសង្ស័យម្នាក់ មាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ រកឃើញថ្នាំញៀនជិត ១គីឡូក្រាម

Posted By: RoogRog Robot | 19-Apr-2024 16:54:39

2024-04-19 03:52pm

(ភ្នំពេញ)៖ កម្លាំងនគរបាលកម្ពុជា សហការជាមួយនគរបាលកូរ៉េ ឈានចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដែលមាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ។

ការឃាត់ខ្លួនជនសង្ស័យនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសានេះថា បន្ទាប់ពីបានទទួលព័ត៌មានពីនគរបាលកូរ៉េ ពីមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមាននិវេទន៍ក្រហមនគរបាលអន្តរជាតិ។ មន្ទីរប្រឆាំងគ្រឿងញៀន បានចាត់កម្លាំងជំនាញអោយធ្វើការស៊ើបអង្កេតចាប់តាំងពីដើមខែមីនា អស់រយៈពេលជាងមួយខែ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង១៨ និង០០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាលសរុប ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យ (មាននិវេទន៍ក្រហមនគរបាលអន្តរជាតិ) នៅចំណុចតាមបណ្តោយ ផ្លូវ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឆែកឆេរទីតាំងស្នាក់នៅរបស់ជនល្មើស នៅចំណុចខុនដូរ អិល បឹងកេងកង៣ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ LI MINGXUE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ កាន់លិខិតឆ្លងដែនលេខ E12725171។

វត្ថុតាងចាប់យកបានរួមមាន៖ ១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៧០២.៧៩ក្រាម និង២. គ្រឿងញៀនប្រភេទកេតាមីនទម្ងន់ ៣.៥៨ ក្រាម។ សរុបគ្រឿងញៀនចាប់យក ទម្ងន់ ៧០៦.៣៧ក្រាម។

សូមបញ្ជាក់ផងដែរថា មុខសញ្ញានេះត្រូវបានសមត្ថកិច្ចកូរ៉េ ធ្វើការស្នើសុំតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឱ្យចាត់វិធានការ និងតាមចាប់ខ្លួនមកផ្តន្ទាទោសដោយជននេះ បានរៀបចំសកម្មភាព ជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ កាលពីពេលកន្លងទៅ និងផ្តល់ដល់ក្រុមបណ្តាញរបស់ខ្លួន ធ្វើការចែកចាយដល់សិស្សក្នុងសាលារៀនមួយកន្លែង ក្នុងទីក្រុងសេអ៊ូល។

ជនសង្ស័យខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណជាច្រើនគីឡូក្រាម ដោយបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...