អូស្រ្តាលី បង្ហាញចេតនាចង់ចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ក្រោយលោក ដូណាល់ ត្រាំ បើកភ្លើងបៃតង

Posted By: RoogRog Robot | 31-May-2020 18:37:20

(អូស្រ្ដាលី)៖ អូស្រ្តាលី នឹងស្វាគមន៍ ក៏ដូចជាទទួលយកការអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបញ្ហា នេះកំពុងស្ថិតនៅក្រោមកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអូស្រ្តាលី។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០។

ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន Reuters តាមសារអេឡិចត្រូនិច អ្នកនាំពាក្យរដ្ឋាភិបាលអូស្ត្រាលីម្នាក់ បានបញ្ជាក់ដូច្នេះថា៖<< G7 បានក្លាយជាប្រធានបទផ្លាស់ប្ដូរ យោបល់កម្រិតខ្ពស់នានាពេលថ្មីៗនេះ...អូស្រ្តាលីនឹងទទួលយកការអញ្ជើញជាផ្លូវការ ឱ្យចូលរួមក្នុងការកិច្ចប្រជុំមួយនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ>>។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានប្រកាសថាលោកនឹងពន្យារពេលកិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងធ្វើឡើងនៅ រដ្ឋធានីវ៉ាស៊ីនតោន នៅចុងខែមិថុនាខាងមុខនេះ រហូតដល់ខែកញ្ញា ព្រមទាំងនឹងអញ្ជើញមេដឹកនាំនៃបណ្ដាប្រទេសដទៃដែលមិនមែនជាសមាជិកចូលរួមក្នុងកិច្ចប្រជុំនេះ នៅពេលអនាគត។ ប្រទេសទាំងនោះរួមមាន រុស្ស៊ី, កូរ៉េខាងត្បូង, អូស្រ្តាលី និងឥណ្ឌា។ G7 មានប្រទេសជាសមាជិកដូចជា សហរដ្ឋអាមេរិក, កាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន និងចក្រភពអង់គ្លេស៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...