សម្តេចតេជោ ហ៊ុន សែន ចោទសួរថៃថា តើពាក្យ «មិនបិទព្រំដែន» គ្រាន់តែ «កែសម្រួលពេលវេលា» មានន័យយ៉ាងម៉េច? (Video inside)

Posted By: RoogRog Robot | 03-Jul-2025 12:12:02

2025-07-03 12:09pm

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា មានកិច្ចប្រជុំមួយនៅក្រុងបាងកក ដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងការពារជាតិស្ដីទីថៃ ដោយអះអាងថា ថៃគេមិនបិទច្រកទេ គ្រាន់តែកែសម្រួលព្រំដែន។ ប៉ុន្តែសម្ដេចតេជោ បានចោទសួរ តើនិយមនៃពាក្យបើក តែកែសម្រួលពេលវេលា មានន័យថាម៉េច?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា <<មានការប្រជុំមួយ ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិស្តីទីនៅទីក្រុងបាងកក។ គេចេញមកប្រកាសថា គេមិនបានបិទច្រកទេ គ្រាន់តែកែសម្រួលម៉ោងពេល។ មើលខ្ញុំសូមសួរទៅប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃ អាពាក្យបិទច្រក និងកែសម្រួលពេលវេលាហ្នឹងវាយ៉ាងម៉េច? វាបិទដូចតែគ្នា ព្រោះពីដើមថា ពីម៉ោង៦ដល់ម៉ោង ១០យប់ អីចឹងពេលហ្នឹងអ្នកឯងចំហរទ្វារ ដល់ក្រោយមកអ្នកឯងថាពីម៉ោង៨ដល់ម៉ោង៤ អ្នកឯងចាប់បិទ។ អាហ្នឹងថាម៉េចដែរ? និយមន័យ បើកតែកែសម្រួលពេលវេលាមានន័យម៉េច?>>។

សម្តេចតេជោ បានបន្តថា ដើម្បីកុំឲ្យមានភាពអាម៉ាស សូមថៃនិយាយប្រាប់ប្រជាជនខ្លួនឯងទៅថា អ្វីដែលកម្ពុជាចង់បាន គឺស្ថានភាពបើកព្រំដែន ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ និងដោយបញ្ជាក់ថា ការកែសម្រួលពេលវេលាត្រូវបានបញ្ចប់គ្រប់ច្រកទាំងអស់។ បើថៃធ្វើបានប៉ុណ្ណឹង រឿងនឹងចប់ហើយ ដោយអត់ចាំបាច់មកសុំចរចារជាមួយកម្ពុជានោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ថៃមិនត្រឹមតែភូតកុហកកម្ពុជាទេ គឺភូតកុហកពលរដ្ឋថៃខ្លួនឯង និងភូតកុហកពិភពលោក។

នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យហាមដាច់ខាតបញ្ឈប់ការទិញទំនិញយុទ្ធសាស្ដ្រពីថៃ ដូចជា អគ្គិសនី, អ៉ីនធ័រណេត, ប្រេងឥន្ធនៈ និងឧស្ម័ន ជាដើម ហើយសម្ដេចតេជោ បានលើកទឹកចិត្តឲ្យម្ចាស់ស្ថានីយប្រេង PTT នៅកម្ពុជា អាចបង្វែរទៅទិញប្រេងប្រទេសផ្សេងក្រៅពីថៃ ដោយមិនចាំបាច់ប្ដូរយីហោនោះទេ។ បន្ថែមលើនេះ សម្តេចតេជោ បានថ្លែងទៀតថា ការបញ្ចាំងរឿងថៃ ល្មមឈប់ហើយ៕



















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...