(កូឡាឡាំពួរ)៖ មេដឹកនាំអាស៊ាន នៅថ្ងៃអង្គារ ទី២៧ ខែឧសភា បានឈានដល់ការយោគយល់គ្នាថា កិច្ចព្រមព្រៀងទ្វេភាគីណាមួយដែលប្រទេសសមាជិក អាចនឹងសម្រេចបានជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធគយ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសសមាជិកផ្សេងទៀតឡើយ។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter។
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានមានប្រសាសន៍ថា មានការឯកភាពគ្នាក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុងកូឡាឡាំពួថា កិច្ចព្រមព្រៀងណាមួយជាមួយក្រុងវ៉ាស៊ីនតោន ត្រូវតែធានាថាផលប្រយោជន៍ក្នុងតំបន់ទាំងមូលត្រូវបានការពារ។ លោកបានបញ្ជាក់ថា លោកបានសរសេរទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្នើសុំកិច្ចពិភាក្សាអាស៊ាន-អាមេរិក ហើយថា <<យើងត្រូវតែការពារផលប្រយោជន៍របស់ប្រជាជន ៦៥០ ឬ ៦៦០លាននាក់របស់យើង>>។
កិច្ចប្រជុំកំពូលអាស៊ាននេះ ប្រព្រឹត្តទៅចំពេលមានភាពប្រែប្រួលទីផ្សារសកល និងភាពមិនច្បាស់លាស់នៃសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយគោលនយោបាយពន្ធរបស់លោក ត្រាំ។ ជាការឆ្លើយតប ប្លុកអាស៊ានដែលមានសមាជិក ១០ប្រទេស បានចេញផ្សាយផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដោយទទួលស្គាល់ថា <<ការធ្វើធុរកិច្ចដូចធម្មតានឹងមិនគ្រប់គ្រាន់ទេ>>។
ទន្ទឹមនឹងកិច្ចប្រជុំផ្ទៃក្នុង នៅថ្ងៃអង្គារនេះ មេដឹកនាំអាស៊ានក៏បានបើកកិច្ចប្រជុំសេដ្ឋកិច្ចជាមួយបណ្តាប្រទេសឈូងសមុទ្រ (GCC) និងប្រទេសចិន ដែលតំណាងដោយនាយករដ្ឋមន្ត្រី លោក Li Qiang ផងដែរ។
គួរបញ្ជាក់ថា ការឯកភាពផ្ទៃក្នុងរបស់អាស៊ាន និងកិច្ចពិភាក្សាជាមួយដៃគូខាងក្រៅ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកនេះ ក្នុងការការពារផលប្រយោជន៍សេដ្ឋកិច្ចរួម និងរក្សាគោលការណ៍ពាណិជ្ជកម្មសេរី ចំពេលមានសម្ពាធពីគោលនយោបាយគាំពារនិយម៕