(ព្រះសីហនុ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេប្រៀបប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគពីបរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើនដែលកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះ កំពុងទទួលបានការរីកចម្រើន។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរៀបចំពិធីអបអរសាទរចំពោះការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីនឹងត្រូវរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងពិធីនាព្រឹកថ្ងៃនេះ ក្រៅពីការអបអរសាទរក្នុងការទទួលបានក្រុមហ៊ុនវិនិយោគទី២០០ហើយនោះ ក៏មានកិច្ចសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ៣ម៉ឺន ២ពាន់នាក់ ដែលជាអ្នកកំពុងបម្រើការងារតាមរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងកម្ពុជា-ចិន ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជិនពីង។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៨ លើផ្ទៃដីជាង ១ពាន់ហិកតា ស្ថិតនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមកិច្ចសហការវិនិយោគពីក្រុមហ៊ុនចំនួន៣របស់ចិន។កាលពីឆ្នាំ២០០៨ ដីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់មួយដែលមួយស្ងប់ស្ងាត់ និងមិនមានសកម្មភាពសេដ្ឋកិច្ចអ្វីនោះឡើយ។ ប៉ុន្តែក្រោយពេលបង្កើតទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោមការគិតគូរដ៏ច្បាស់លាស់របស់សម្តេចតេជោ និងលោកប្រធានាធិបតី ស៊ី ជិនពីង បានធ្វើឱ្យតំបន់នេះ ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគ ហើយប្រែក្លាយជាតំបន់អ៊ូអរដោយសកម្មភាពកម្មករ និយោជិតយ៉ាងច្រើន ចេញចូលធ្វើការជារៀងរាល់ថ្ងៃ។
របាយការណ៍ បានបង្ហាញថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបជិត៣០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម ប៉ុន្តែក៏មានរោងចក្រ សហគ្រាស បានផ្អាកដំណើរការផងដែរ។ របាយការណ៍បន្តថា បច្ចុប្បន្នមានកម្មករ និយោជិតសរុបជាង ៣ម៉ឺននាក់ កំពុងធ្វើការនៅតាមរោងចក្រ សហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាមួយប្រាក់ឈ្នួលមធ្យម ៣១១ដុល្លារ។
បើតាមរបាយការណ៍បានឱ្យដឹងថា អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានដូចជា ចិន តៃវ៉ាន់ បារាំង សេណេហ្គាល់ ស្វីស អាមេរិក អៀឡង់ សិង្ហបុរី ជប៉ុន កូរ៉េ វៀតណាម និងថៃជាដើម។ រោងចក្រ សហគ្រាស ដែលកំពុងដំណើរអាជីវកម្មនៅតំបន់នេះ មានដូចជារោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារ វេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម។
វត្តមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងចិន។ ការវិនិយោគនេះ ក៏បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរតាមរយៈការទទួលបានប្រាក់ឈ្នួលយ៉ាងទៀតទាត់៕