កម្ពុជា-ហុងគ្រី លើកកម្ពស់ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង

Posted By: RoogRog Robot | 19-May-2025 22:06:09

2025-05-20 12:02pm

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះ លោកឯកអគ្គរដ្ឋទូត និងសហការី ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងនិងពង្រីកចំណងមិត្ដភាព កិច្ចសហប្រតិបត្ដិការនៃប្រទេសទាំងពីរកម្ពុជានិងហុងគ្រី ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងទូលំទូលាយថែមទៀត ដើម្បីបានជាលទ្ធផលផ្លែផ្កា ព្រមទាំងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចក៏បានអរគុណ ជូនលោកឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួលការងារ ដល់ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី ដែលបានអញ្ជើញមកបំពេញទស្សកិច្ចផ្លូវការ នៅកម្ពុជា កាលពីដើមខែកុម្ភៈកន្លងមកនេះ ទទួលបានលទ្ធផលប្រកបដោយជោគជ័យ និងផ្លែផ្កាគួរជាទីមោទនៈ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ផ្តើមចេញពីដំណើរទស្សកិច្ចរបស់លោកស្រី អនុប្រធានរដ្ឋសភាហុងគ្រីនៅកម្ពុជានោះហើយ បានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌសភានៃប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីក តាមរយៈការបំពេញទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសហុងគ្រី ក្នុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះផងដែរ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិរវាងរដ្ឋសភា ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា មានសារៈសំខាន់ណាស់ ដោយសារសភាតំណាងពលរដ្ឋ។ ផ្តើមចេញពី ទំនាក់ទំនងសភានេះ នឹងលើកកម្ពស់ដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កាន់តែស៊ីជម្រៅ មានការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំជាដើម។ សម្តេចបានសង្កត់ធ្ងន់ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបែកបាក់សេដ្ឋកិច្ចកំពុងកើនឡើង បានបង្កជាវិបត្តិនិងក្តីបារម្ភចំពោះពលរដ្ឋ។ ការរឹតចំណងមិត្តភាពកម្ពុជានឹងហុងគ្រី នៅក្នុងកាលៈទេសៈ មិនត្រឹមធានាបាននូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានចួលរួមចំណែកដល់ការលើកកម្ពស់គោលការណ៍ពហុនិយម កាត់បន្ថយហានិភ័យដែលបានរំខានដល់សេចក្តីសុខពលរដ្ឋជាសកល បានទៀតផង។

ជាមួយគ្នានេះ លោក ធីប័រ បាឡូកឌី បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារ ជាមួយលោកនិងសហការីនាឱកាសនេះ។ លោកបានអរគុណ សម្តេចនិងរដ្ឋសភាកម្ពុជាទំាងមូល ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ម៉ាតា ម៉ាត្រៃ កាលពីពេលកន្លងទៅថ្មីៗនេះ។ តាមរយៈដំណើរទស្សនកិច្ចនោះ លោកជំទាវអនុប្រធានរដ្ឋសភាហុងគ្រី មានមនោសញ្ចេតនាជ្រាលជ្រៅ ជាមួយប្រទេសនិងពលរដ្ឋកម្ពុជា។ លោកស្រីបានឃើញពិតប្រាកដពីការអភិវឌ្ឍនៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។

លោក ធីប័រ បាឡូកឌី គូសបញ្ជាក់ថា ប្រទេសកម្ពុជានិងហុងគ្រី មានលក្ខណៈភូមិសាស្រ្តនិងប្រវត្តិសាស្រ្តស្រដៀងគ្នា ពោលមានផ្ទៃដី និងចំនួនពលរដ្ឋ ប្រហាក់ប្រហែលគ្នា។ ប្រការនេះបានធ្វើឱ្យប្រទេសទំាងពីរយល់ពីគ្នាបានយ៉ាងច្បាស់។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់ សម្តេចនៅប្រទេសហុគ្រីវិញ លោកបានជម្រាបជូនពីពង្រាងគម្រោងកម្មវិធី។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចប្រធានរដ្ឋសភានឹងមានជំនួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលនៃប្រទេសហុងគ្រី។ ជាមួយគ្នានេះ សម្តេចនឹងមានដំណើរទស្សនកិច្ចនៅតំបន់ឧស្សាហកម្ម និងជួបជាសហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅនិងសិក្សានៅប្រទេសហុងគ្រី ផងដែរ។

ចំណែកឯ លោកឯកអគ្គរដ្ឋទូតហុងគ្រី បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែងដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលបានចួលរួមចំណែក ដល់ការលើកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនជាលំដាប់។ លោក ធីប័រ បាឡូកឌី បានជម្រាបជូន សម្តេចពីគម្រោងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងហុងគ្រី មួយចំនួននៅក្នុងនោះ មានវិស័យថាមពល ធុរកិច្ច និងកសិកម្មជាដើម។ លោកបានលើកឡើងថាដោយសារកម្ពុជាមានសក្តានុពលខ្លំាងដូច្នេះ លោកនឹងខិតខំជំរុញបណ្តាប្រទេសនានានៅក្នុងសហគមន៍អឺរ៉ុប ឱ្យភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ឱ្យបានកាន់តែជិតស្និទ្ធនិងសកម្មឡើងបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា និងលោកឯកអគ្គរដ្ឋទូតបានសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងហុងគ្រី ដែលនឹងឈានមកដល់នៅឆ្នាំ២០២៦ខាងមុខ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនជាបន្ដបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកស្ទើរគ្រប់កម្រិតទាំងអស់។ កាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបំពេញទស្សនកិច្ចនៅហុងគ្រី ហើយនៅខែតុលា ក្នុងឆ្នាំដដែលនោះដែរ សម្ដេចតេជោ ក៏បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលស្ដីពីទឹកលើកទី៣ នៅប្រទេសហុងគ្រីផងដែរ។ ក្នុងឆ្នាំ២០១៩នោះដែរ លោក ចាណូស អាឌឺ (Janos Ader) ប្រធានាធិបតីហុងគ្រី ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ហុងគ្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះប្រទសទំាងពីរ តែងតែគំាទ្រគ្នាទៅវិញទៅមក នៅតាមវេទិការអន្តរជាតិនានា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចនៅប្រទេសហុងគ្រី សម្តេចនឹងផ្លាស់ប្តូរយោបល់ជាមួយ ថ្នាក់ដឹកនាំហុងគ្រី ទាំងស្ថាប័ននីតិប្បញ្ញត្ដិ និងនីតិប្រតិបត្ដិការ លើការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្ដិការលើវិស័យអាទិភាពទាំងនេះ ជាពិសេសការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន ធនធានទឹក និងវិស័យអាទិភាពមួយចំនួនទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព និងផលប្រជាជនទាំងសងខាង។

ជាថ្មីម្ដងទៀត សម្តេចនឹងស្នើដល់រដ្ឋាភិបាលហុងគ្រី ជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី ដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់យកកត្តា <<មនុស្ស>> ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់ និងអភិបាលកិច្ចដើម្បីអភិវឌ្ឍន៏កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាចុងក្រោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្នើឱ្យ លោកឯកអគ្គរដ្ឋទូតហុងគ្រី មេត្តាជួយកៀរគរ និងលើកទឹកចិត្តដល់អ្នកវិនិយោគហុងគ្រី ដើម្បីអាចមកកម្ពុជា ដើម្បីស្វែងរកកាលានុវត្តក្នុងការវិនិយោគថ្មីៗបន្ថែមទៀតលើវិស័យ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន និងវិស័យធនធានទឹក ជាដើម៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...