(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រុស្ស៉ី បានហាមប្រាម អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងបានចាត់ថ្នាក់ជាអង្គការដែលមិនគួរមាន នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ ២០២៥។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ និងមានទីស្នាក់ការ នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស អង្គការលើកលែងទោសអន្តរជាតិ ធ្វើការងារលើបញ្ហាសិទ្ធិមនុស្ស នៅទូទាំងពិភពលោក រួមទាំងតំណាងឱ្យអ្នកទោសនយោបាយផងដែរ។
អគ្គរដ្ឋអាជ្ញារុស្ស៉ីនិយាយថា ការិយាល័យអង្គការលើកលែងទោសអន្តរជាតិ នៅទីក្រុងឡុងដ៍ គឺជា <<មជ្ឈមណ្ឌលរៀបចំគម្រោងមិនល្អចំពោះរុស្ស៉ី ជាសកល ហើយថែមទាំងបានចោទប្រកាន់រុស្ស៉ី ក្នុងនាមតស៊ូមតិឱ្យអ៊ុយក្រែន។ អង្គការលើកលែងទោសអន្តរជាតិ បង្ហាញតែភាពត្រឹមត្រូវរបស់អ៊ុយក្រែនប៉ុណ្ណោះ និងព្យាយាមធ្វើឱ្យរុស្ស៉ីឯកោ>>។
គួរបញ្ជាក់ថា រុស្ស៉ី តែងតែចាត់ថ្នាក់អង្គការនានា ដែលខ្លួននិយាយថាបំផ្លាញសន្តិសុខជាតិ ថាជាអង្គការដែលមិនគួរមាន។ នៅក្រោមការចាត់ថ្នាក់នេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់ ៥ឆ្នាំ សម្រាប់ពលរដ្ឋរុស្ស៉ីដែលធ្វើការជាមួយ ឬផ្តល់មូលនិធិដល់ក្រុមពាក់ព័ន្ធ។
បើតាមអង្គការលើកលែងទោសអន្តរជាតិ ច្បាប់ដែលរុស្ស៉ីយកមកប្រើ គឺបំពានច្បាប់អន្តរជាតិ។ ចំណាត់ការនេះកើតមានឡើង ៣ឆ្នាំ បន្ទាប់ពីទីក្រុងមូស្គូ បានបិទការចូលទៅកាន់គេហទំព័រ និងបិទការិយាល័យរបស់អង្គការ ក្នុងទីក្រុងមូស្គូជាស្ថាពរ៕