(ភ្នំពេញ)៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារថ្លែងអំណរគុណ ផ្ញើជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរដែនដីមានសមត្ថកិច្ច គណៈកម្មការ អនុគណៈកម្មការទាំង ៦ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ គ្រប់ប្រភេទ សិក្ខាកាម និងនិស្សិតនគរបាលជាតិ។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងសារលិខិត បានសរសេរថា <<តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរដែនដីមានសមត្ថកិច្ច គណៈកម្មការ អនុគណៈកម្មការទាំង ៦ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធគ្រប់ប្រភេទ សិក្ខាកាម និងនិស្សិតនគរបាលជាតិទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តជំ មោះមុត ក្នុងការចូលរួមចាត់តាំងអនុវត្តការរៀបចំព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើត នគរបាលជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា>>។
ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏សូមថ្លែងអំណរគុណដោយស្មោះចំពោះកិច្ចសហការដ៏ល្អ ប្រកបដោយការយោគយល់ខ្ពស់ពី បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានបង្កលក្ខណៈសម្បត្តិ និងលក្ខខណ្ឌសមស្រប ព្រមទាំងជួយឧបត្ថម្ភ គាំទ្រតាមគ្រប់លទ្ធភាព ដើម្បីបម្រើដល់ការរៀបចំ និងដំណើរការប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក នៃព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ ដោយរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយយ៉ាងល្អប្រសើរគួរជាទីមោទនៈ។
ទន្ទឹមនេះ ជោគជ័យដ៏ត្រចះត្រចង់នៃការប្រារព្ធទិវាដ៏មានអត្ថន័យ ជាប្រវត្តិសាស្ត្រនេះ ពិតជាមិន អាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្មផុលផុស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ពី សំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចំណុះឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំង ៦ ដែលបានជួយជ្រោមជ្រែង និងពុះពារអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់ ស្របតាមផែនការដែល បានដាក់ចេញ និងតាមពេលវេលាកំណត់៕
ខាងក្រោមនេះ ជាសារលិខិត ដែលមានខ្លឹមសារទាំងស្រុង៖