(កាណាដា)៖ ទីភ្នាក់ងារអាកាសចរណ៍នៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ ទី១២ ខែឧសភា បានចេញសេចក្តីសម្រេចថា រុស្ស៉ីគឺជាអ្នកទទួលខុសត្រូវ សម្រាប់ការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៉ី១គ្រឿង នៅអ៊ុយក្រែន ដែលបានសម្លាប់មនុស្សទាំង២៩៨នាក់នៅលើនោះ រួមមានទាំងពលរដ្ឋហូឡង់១៩៦នាក់ និងអូស្រ្តាលី៣៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលហូឡង់និងអូស្រ្តាលី បាននិយាយថា ក្រុមប្រឹក្សារបស់អង្គការអាកាសចរណ៍ស៉ីវិលអន្តរជាតិ ហៅកាត់ ICAO នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងពិចារណាថា តើគួរមានសំណងក្នុងទម្រង់បែបណា។ ប្រទេសទាំងពីរ ចង់ឱ្យក្រុមប្រឹក្សា ICAO ចេញបញ្ជាបង្គាប់ឱ្យរុស្ស៉ីចូលមកចរចា ជុំវិញការផ្តល់សំណង។
យន្តហោះជើងហោះហើរ MH17 របស់អាកាសចរណ៍ Malaysian Airlines បានចាកចេញពីទីក្រុងអាំស្ទែដាំ ឆ្ពោះទៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែលយន្តហោះនោះ ត្រូវបានបាញ់ទម្លាក់នៅលើតំបន់ភាគខាងកើតអ៊ុយក្រែន ស្របពេលដែលការប្រយុទ្ធគ្នាកំពុងផ្ទុះឡើង រវាងពួកផ្តាច់ខ្លួនគាំទ្រដោយរុស្ស៉ី និងយោធាអ៊ុយក្រន។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមនៅហូឡង់បានផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាអស់មួយជីវិត ចំពោះជនជាតិរុស្ស៉ី២នាក់ និងជនជាតិអ៊ុយក្រែនម្នាក់ ពីបទឃាតកម្ម សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងករណីបាញ់ទម្លាក់យន្តហោះ MH17។ នាពេលនោះ ទីក្រុងមូស្គូបានចេញមុខរិះគន់ការសម្រេចរបស់ចៅក្រមហូឡង់ ហើយបាននិយាយថា នឹងមិនធ្វើបត្យាប័នពលរដ្ឋខ្លួនឡើយ៕