គម្រោង UNICATION ជាគម្រោងសហការអន្តរជាតិ មានសាកលវិទ្យាល័យក្នុងស្រុកចំនួន៣ បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី «របៀបបង្កើតគម្រោងប្រកបដោយបរិយាបន្ន»

Posted By: RoogRog Robot | 12-May-2025 18:17:53

2025-05-12 06:13pm

(ភ្នំពេញ)៖ គម្រោង UNICATION ជាគម្រោងសហការអន្តរជាតិ ដែលមានសាកលវិទ្យាល័យក្នុងស្រុកចំនួន ៣ រួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យអន្តរជាតិរួមមាន University of the Philippines, Batangas State University, University of Lisbon, University of Obuda និង Université Côte d’Azur។ UNICATION ទទួលបានការឧបត្ថម្ភពី Erasmus CBHE (Capacity Building in Higher Education) របស់សហភាពអឺរ៉ុប ដើម្បីជំរុញគុណភាព និង សមភាពក្នុងវិស័យអប់រំឧត្តមសិក្សានៅកម្ពុជា។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី <<របៀបបង្កើតគម្រោងប្រកបដោយបរិយាបន្ន>> នៃគម្រោង Unify Communication by International Projects (UNICATION)។ ពិធីបានប្រព្រឹត្ដទៅនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការចូលរួមយ៉ាងសកម្មពីវាគ្មិនអន្តរជាតិ និងក្នុងស្រុក។

សិក្ខាសាលានេះមានគោលបំណងចម្បងក្នុងការបង្កើនសមត្ថភាពបុគ្គលិកឧត្តមសិក្សា និងនិស្សិត អំពីការរៀបចំ និងគ្រប់គ្រងគម្រោង អន្តរជាតូបនីយកម្មឧត្តមសិក្សា និងយុទ្ធសាស្ត្រទំនាក់ទំនងចម្រុះវប្បធម៌ ក៏ដូចជាការចែករំលែកចំណេះដឹងថ្មីៗ និងជំនាញអនុវត្តន៍ ដែលជាឧបករណ៍សំខាន់សម្រាប់ការជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ក្នុងឱកាសនោះដែរ កម្មវិធីត្រូវបានបើកដោយលោកស្រី Flora Bertizzolo អ្នកតំណាងនៃការិយាល័យប្រតិភូ សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមដោយ លោក Luís Cabrita និង លោកស្រី Natacha Moniz អ្នកគ្រប់គ្រងគម្រោង UNICATION មកពី University of Lisbon (ប្រទេសព័រទុយហ្គាល់) លោកសាស្ត្រាចារ្យបណ្ឌិត Felde Imre និងលោក Kersánszki Tamás ដៃគូគម្រោង UNICATION មកពី University of Obuda (ប្រទេសហុងគ្រី) រួមជាមួយដៃគូនៅក្នុងស្រុក។

សិក្ខាសាលានេះបានទាក់ទាញអ្នកចូលរួមប្រមាណ ១២០នាក់ រួមមានមន្ត្រី បុគ្គលិកឧត្តមសិក្សា និងនិស្សិតជាច្រើនផងដែរ។ ក្នុងនោះក៏មានវគ្គបណ្តុះបណ្តាលនាពេលរសៀលផងដែរ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលផ្តោតលើ ប្រធានបទសំខាន់ៗរួមមាន៖ ការរៀបចំនិងគ្រប់គ្រងគម្រោង អន្តរជាតូបនីយកម្មឧត្តមសិក្សា និងយុទ្ធសាស្ត្រទំនាក់ទំនងចម្រុះវប្បធម៌។ ប្រធានបទទាំងនេះមានសារៈសំខាន់ក្នុងការបង្កើនសមត្ថភាពមន្ត្រី បុគ្គលិកអប់រំឧត្តមសិក្សា។

សិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី <<របៀបបង្កើតគម្រោងប្រកបដោយបរិយាបន្ន>> នៃគម្រោង Unify Communication by International Projects (UNICATION) ដែលសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាអ្នករៀបចំនិងម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ និងផ្លែផ្កា ដែលទាំងនេះជាកម្លាំងជំរុញដ៏សំខាន់ក្នុងការអភិវឌ្ឍគម្រោងប្រកបដោយបរិយាបន្នក្នុងវិស័យអប់រំឧត្តមសិក្សាកម្ពុជាជាបន្តទៀត៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...