(តាកែវ)៖ លោក លី សាវេត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកទ្រាំង និងស្រុកព្រៃកប្បាស ខេត្តតាកែវ។
នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមយុវជនគណបក្ស លោក លី សាវេត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា នៅក្នុងស្រុកទ្រាំង និងស្រុកព្រៃកប្បាស ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយដល់ប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងសាមគ្គីភាព ជាធ្លុងមួយ និងឯកភាពផ្ទៃក្នុងរបស់យុវជនគណបក្សនៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
លោកប្រធានក្រុមការងារយុវជនគណបក្សខេត្តខេត្តតាកែវ បានណែនាំយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ គ្រប់ជាន់ថ្នាក់ ត្រូវក្ដាប់ឲ្យបានរាល់កម្មវិធីនយោបាយ គោលការណ៍ និងសេចក្ដីសម្រេចនានារបស់គណបក្ស សំដៅដល់ការលើកកម្ពស់ការជឿជាក់ និងគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការថែរក្សាការពារសុខសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឲ្យបានយូអង្វែងតទៅ៕