បើគ្មានអ្វីប្រែប្រួល! អាកាសយានដ្ឋានអន្តរជាតិតេជោ ​នឹងបើកដំណើរការនៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ខណៈបច្ចុប្បន្នការសាងសង់ស្ទើររួចរាល់ទាំងស្រុង

Posted By: RoogRog Robot | 02-May-2025 16:18:34

2025-05-02 04:12pm

(កណ្ដាល)៖ បើគ្មានអ្វីប្រែប្រួលនោះទេ! អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នឹងបើកដំណើរការប្រតិបត្តិការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងវឌ្ឍនភាពនៃការសាងសង់ស្ទើររួចរាល់ទាំងស្រុង។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សយ សុខាន់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំ ប្រតិបត្ដិការអាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ បន្ទាប់​ពីបានបញ្ចប់កិច្ចប្រជុំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ។

កិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដំណាក់កាលទី១ ខាងលើនេះ ដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។

ក្នុងនោះ ក៏មានក្រុមការងារ នាយកក្រុមហ៊ុនប្រតិបត្តិក្រុមហ៊ុន SCA និងក្រុមការងារ នាយកគ្រប់គ្រងក្រុមហ៊ុន CATS និងក្រុមការងារសមត្ថកិច្ចច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធ ជាច្រើនរូបទៀត។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ការពិនិត្យដោះស្រាយបញ្ហាបច្ចេកទេសសំខាន់ៗមួយចំនួន ដូចជា៖ ការបំពេញបែបបទ វិញ្ញាបនបត្រ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាដើម ដើម្បីឈានទៅការបើកដំណើរការ ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពេលខាងមុខ។

លោក សយ សុខាន់ បានឲ្យដឹងថា ក្រោយពិនិត្យជារួម និងស្ដាប់របាយការណ៍ឃើញថា គម្រោងវឌ្ឍនភាពនៃការសាងសង់ស្ទើរតែរួចរាល់ ប៉ុន្ដែអ្វីដែលនៅតែពិនិត្យបន្ដតទៅទៀតនោះ ទាក់ទងទៅនឹងដំណើរការលើលក្ខខណ្ឌបច្ចេកទេស នៃការផ្ដល់វិញ្ញាបនបត្រ និងលក្ខណៈបច្ចេកទេស នៃការបើកដំណើរការប្រតិបត្តិការ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក សយ សុខាន់ បានបញ្ជាក់ថា <<ឥលូវនេះ យើងនៅតែឈរលើគោលការណ៍ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដែលបានគ្រោងទុក ក៏ប៉ុន្ដែបន្ទាប់ពីកិច្ចប្រជុំនេះ ឃើញថា នៅថ្ងៃទី១០ ខែកក្កដានេះ នៅមិនទាន់មានភាពច្បាស់លាស់>>។

លោកបន្ដថា លោករដ្ឋមន្ដ្រី ម៉ៅ ហាវណ្ណាល់ នឹងចុះមកពិនិត្យមើល ក្នុងរយៈពេល២សប្ដាហ៍ក្រោយទៀត ហើយលោកបានណែនាំដល់គណៈកម្មការ ដឹកនាំវាយតម្លៃ លើលក្ខខណ្ឌបច្ចេកទេស ឲ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋាន សម្រាប់ការសម្រេចចិត្ដចុងក្រោយ អំពីកាលបរិច្ឆេទមួយជាក់លាក់។

ទន្ទឹមគ្នានេះ លោក សយ សុខាន់ នៅតែមានសុទិដ្ឋិនិយមថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃដែលរួចរាល់ ក្នុងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ។

បើតាមលោក សយ សុខាន់, បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ សរុបចំនួន៣១ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនក្នុងស្រុកចំនួន៥ បាននឹងកំពុងប្រតិបត្ដិការ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ទាំង៣១នេះ នឹងផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបើកដំណើរការ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...