អ្នកនាំពាក្យ៖ ការវាយតម្លៃលើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលផ្អែកលើធាតុចូលមានចំនួនតូច និងប្រភពព័ត៌មានដែលមានរបៀបវារៈនយោបាយ គឺពុំអាចឆ្លុះបញ្ចាំង ពីស្ថានភាពពិតនៃសេរីភាពសារព័ត៌មាន នៅកម្ពុជានោះទេ

Posted By: RoogRog Robot | 02-May-2025 16:18:34

2025-05-02 04:16pm

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការវាយតម្លៃពីក្រុមនៅក្រៅប្រទេស លើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា និងសរសេររបាយការណ៍ឡើង ដោយផ្អែកលើធាតុចូលមានចំនួនតូចនៃអ្នកសារព័ត៌មាន និងទទួលបានប្រភពព័ត៌មានដែលមានរបៀបវារៈនយោបាយ គឺពុំអាចឆ្លុះបញ្ចាំងអំពីស្ថានភាពពិតនៃសេរីភាពសារព័ត៌មាននៅនោះទេ។ ខណៈរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ បានផ្តល់លទ្ធផលឱ្យឃើញថា អ្នកដែលបានចូលរួមស្ទង់មតិអ្នកសារព័ត៌មានទាំង២៥ រាជធានី-ខេត្ត គឺ ៨១,៤% បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។

លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ជាលើកទី២ ហើយដែលកម្ពុជា បានរៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយខ្លួនឯង ដោយមានការចូលរួមពីអ្នកសារព័ត៌មាន និងប្រតិបត្តិករនៅក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ទូទាំង២៥រាជធានី-ខេត្ត បានចូលរួម ហើយធាតុចូលផ្សេងទៀត ដើម្បីវាយតម្លៃពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ក្រសួងបានទទួលពីឥស្សរជនជាន់ខ្ពស់ អ្នកដែលមានបទពិសោធន៍ចាស់ទុំផ្នែកសារព័ត៌មាន និងសោតទស្សន៍ទាំងរដ្ឋ និងឯកជនបានចូលរួមផ្តល់នូវមតិយោបល់ ដើម្បីឱ្យរបាយការណ៍នេះមានភាពសុក្រឹត គ្រប់ជ្រុងជ្រោយ និងជឿទុកចិត្តបាន។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥នេះ គឺបានឆ្លុះបញ្ចាំងពីស្ថានភាពពិត ជាក់ស្តែងដែលប្រតិបត្តិករ អ្នកសារព័ត៌មាន បានកំពុងនឹងអនុវត្តជាប្រចាំដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានផ្តល់លទ្ធផលឱ្យឃើញថាអ្នកដែលបានចូលរួមស្ទង់មតិអ្នកសារព័ត៌មាន ទាំង២៥ រាជធានី-ខេត្ត គឺ ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសបានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។

លោក ទេព អស្នារិទ្ធ បានលើកឡើងថា៖ <<រីឯការវាយតម្លៃពីក្រុមនៅក្រៅប្រទេសលើស្ថានភាពសេរីភាពសារព័ត៌មាន ដោយប្រមូលព័ត៌មាន បានពីមួយក្រុមតូច ហើយប្រមូលព័ត៌មាន របាយការណ៍ដែលខ្លួនទទួលបានពីអង្គការសមាគមមួយចំនួនដែលបានសរសេររបាយការណ៍នោះឡើងក្រោមឥទ្ធិពល របៀបវារៈនយោបាយ គឺពុំអាចឆ្លុះបញ្ចាំង អំពីស្ថានភាពពិតនោះទេ។ ហើយចំនួនធាតុចូលតូច ដែលប្រមូលយកទៅ គឺមិនអាចឆ្លុះបញ្ចាំង និងតំណាងឱ្យវិស័យសារព័ត៌មាន តំណាងឱ្យសំលេងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងប្រទេសកម្ពុជានោះឡើយ>>។

ជាមួយគ្នានេះដែរ លោកបានឱ្យដឹងថា ការវាយតម្លៃពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរនោះ គឺជាលទ្ធផលដែលចេញពីការសិក្សាវាស់វែង តាមបែបវិទ្យាសាស្ត្រ និងមានការរៀបចំការស្ទង់មតិ នៅក្នុងចំណោមអ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា។ នេះជាការសិក្សារបស់កម្ពុជា និងដោយកម្ពុជាខ្លួនឯង ដើម្បីឆ្លុះបញ្ចាំងពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលព័ត៌មានក្នុងប្រទេសកម្ពុជា។

តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈ ការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ។

ពាក់ព័ន្ធនឹងសិទ្ធិ និងលំហការងារសារព័ត៌មាននៅកម្ពុជា, ត្រូវបានលោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជា ឆ្នាំ២០២៥ ក៏បានបង្ហាញនូវលទ្ធផលថា អ្នកស្ទង់មតិចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ តាមលទ្ធផលនេះកម្រិតនៃលំហ និងសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...