(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារអាមេរិកប៉ុណ្ណេះ ដែលនិមិត្តរូបមួយនេះវាត្រូវបានបំផុតគំនិតឡើងចាប់តាំងពីឆ្នាំ១៩៩៧ តាមរយៈលោក Steve Jobs ដែលជាបិតាស្ថាបនិក Apple និងជាកំពូលមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា។
គិតត្រឹមបច្ចុប្បន្ននេះ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនដូចជា លោក Mark Zuckerberg មេធំរបស់ Meta, លោក Larry Ellison មេធំរបស់ Oracle, លោក Larry Page និង Sergey Brin មេធំរបស់ Google, លោក Jack Dorsey ស្ថាបនិក X (អតីត Twitter) និងលោក Elon Musk មេធំ Tesla និង SpaceX គឺសុទ្ធតែទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។
តើហេតុអ្វីបានជាពួកគាត់សម្រេចចិត្តទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារអាមេរិក?តាមពិតទៅគឺមិនមែនមកពីពួកគាត់ជាអ្នកមានទ្រព្យសម្បត្តិច្រើន ឬជាម្ចាស់របស់ក្រុមហ៊ុននោះទេ ប៉ុន្តែវាមានហេតុផលជាច្រើនទៀតដូចជា៖
១) កត្តាពន្ធ
ប្រាក់បៀវត្សរ៍ ឬប្រាក់ខែគឺជាប្រាក់ចំណូលដែលតម្រូវឱ្យបង់ពន្ធ។ ដូច្នេះតួនាទីជានាយកប្រតិបត្តិគឺទទួលបានប្រាក់ខែខ្ពស់ ដែលតម្រូវឱ្យបង់ពន្ធខ្ពស់ទៅតាមនឹងផងដែរ។ ដើម្បីគេចចេញពីការបង់ពន្ធនេះ ក្រុមហ៊ុន និងនាយកប្រតិបត្តិផ្ទាល់គឺបានអនុវត្តវិធីសាស្ត្រផ្សេងវិញ។
២) បង្កើតទំនុកចិត្ត និងជាយុទ្ធសាស្ត្រទីផ្សារ
នាយកប្រតិបត្តិក្រុមហ៊ុនភាគច្រើនគឺសុទ្ធតែជាស្ថាបនិកក្រុមហ៊ុន ដូច្នេះពួកគេទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារគឺចង់បង្ហាញឱ្យឃើញថា ពួកគេមានទ្រព្យសម្បត្តិច្រើន ហើយក្រុមហ៊ុនដែលពួកគេកំពុងកាន់គឺកំពុងតែដំណើរការល្អ និងជោគជ័យ។ ការធ្វើបែបនេះគឺដើម្បីបង្ហាញដល់ម្ចាស់ភាគហ៊ុន និងវិនិយោគិនមានទំនុកចិត្ត។ មួយវិញទៀតវាគឺជាយុទ្ធសាស្ត្រទីផ្សារដើម្បីបង្ហាញដល់គូរប្រជែងឱ្យបានឃើញថា ក្រុមហ៊ុនរបស់ពួកគេគឺកំពុងនាំមុខ ឬកំពុងតែរីកចម្រើន។
៣) យុទ្ធសាស្ត្រ និងទំនាក់ទំនងផ្ទៃក្នុង
ការទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារគឺជាយុទ្ធសាស្ត្រផ្នែកធនធានមនុស្សមួយដ៏សំខាន់។ វាបង្ហាញពីការដាក់ខ្លួន ការលះបង់ ការប្ដេជ្ញាចិត្តចំពោះក្រុមហ៊ុន ជាពិសេសបើសិនជានៅក្នុងអំឡុងពេលដែលក្រុមហ៊ុនជួបវិបត្តិទៀតនោះ គឺនាយកប្រតិបត្តិនឹងក្លាយជាវីរៈបុរសភ្លាម។ ការធ្វើបែបនេះវាក៏បង្ហាញពីភាពស្និទ្ធស្នាល ទំនុកចិត្តដល់បុគ្គលិក និងសាធារណៈផងដែរ។
៤) ប្ដូរជាមួយអត្ថប្រយោជន៍ជាច្រើន
ក្រៅពីប៉ុន្មានចំណុចខាងលើនេះ ការទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារពីសំណាក់នាយកប្រតិបត្តិគឺវាបានផ្លាស់ប្ដូរជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ ជាទូទៅសម្រាប់មុខតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលោកខាងលិច គឺតែងតែទទួលបានមកវិញនូវភាគហ៊ុន ភាគលាភ ប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត និងប្រាក់ឧបត្ថម្ភផ្សេងៗជាច្រើនក្នុងខ្ទង់រាប់ពាន់លានដុល្លារ ដែលប្រាក់ទាំងនោះភាគច្រើនគឺមិនជាប់ពន្ធ។
សរុបមកការទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លាររបស់នាយកប្រតិបត្តិគឺបង្ហាញពីយុទ្ធសាស្រ្តពន្ធ ការលើកទឹកចិត្ត ការលះបង់ និងទំនុកចិត្ត ប៉ុន្តែវាក៏ប្ដូរមកវិញនូវអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកផងដែរ៕