(ព្រះសីហនុ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានសហការជាមួយលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) រៀបចំសិក្ខាសាលាស្ដីពី <<ការផ្គូផ្គងធុរកិច្ចអចលនវត្ថុនៅខេត្តព្រះសីហនុ និងយន្តការបរធនបាលកិច្ច>>។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច, លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ និងលោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
កម្មវិធីនេះ ត្រូវរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមជំរុញការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា តាមរយៈយន្តការបរធនបាលកិច្ច។
កម្មវិធីនេះ ផ្តល់ជូនវិនិយោគិន ជាពិសេសវិនិយោគិនបរទេស នូវថ្នាលដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព ដោយអាចស្វែងរកអចលនទ្រព្យដែលមានសក្តានុពល មានមូលដ្ឋានព័ត៌មាន ច្បាស់លាស់ តាមរយៈអ្នកជំនាញអចលនទ្រព្យមានវិជ្ជាជីវៈខ្ពស់និងមានអាជ្ញាបណ្ណស្របច្បាប់ រហូតដល់ឈានទៅធ្វើសម្រេចចិត្តវិនិយោគ តាមរយៈការបង្កើតជាបរធនបាលកិច្ច អនុលោមតាមច្បាប់ និងគាំពារដោយច្បាប់ជាធរមាន។
កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ស.វ.អ.ក និងព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិបត្តិករផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងវិនិយោគិនសក្តានុពល។
សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលបច្ចុប្បន្ន ក្រោយការប្រកាសដាក់ឱ្យដំណើរការទីផ្សារបរធនបាលកិច្ចជាផ្លូវការនៅដើមឆ្នាំ២០២៣ បរធនបាលកិច្ចអចលនទ្រព្យ ដែលបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅនិយ័តករបរធនបាលកិច្ច មានចំនួន ៧៩៥ ករណី ជាមួយនឹងបរធនវិនិយោគប្រមាណជា ៧៧៤ លានដុល្លារអាមេរិក។
ជាមួយគ្នានេះ បរធនបាលកិច្ចសេវារក្សាទុក ឬរក្សាសុវត្ថិភាព (Escrow Services) ពាក់ព័ន្ធនឹងប្រតិបត្តិការទិញ-លក់អចលនទ្រព្យ បានកើនដល់ចំនួន ២៥១ ករណី គិតជាទំហំសាច់ប្រាក់ប្រមាណជា ៣២២ លានដុល្លារអាមេរិក ផងដែរ៕