(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមក្នុងពិធីជួបជុំជាមួយអ្នកគាំទ្ររបស់លោកនៅក្នុងរដ្ឋ Michigan ដើម្បីបា្ររព្ធពិធីអបអរដល់រយៈពេល ១០០ថ្ងៃដំបូង នៃការត្រឡប់មកកាន់អំណាច សម្រាប់អាណត្តិទី២។ ក្នុងរយៈពេលច្រើនជាង៣ខែមកនេះ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការច្រើនជាងប្រធានាធិបតីអាមេរិកណាៗទាំងអស់ និងបានធ្វើឱ្យទីផ្សារមូលបត្រក្រឡាប់ចាក់ដោយសារ គោលនយោបាយពន្ធគយរបស់លោក។ ដូច្នេះតើក្នុងរយៈពេល ១០០ថ្ងៃដំបូង តើលោក ត្រាំ បានធ្វើកិច្ចការអ្វីខ្លះ?
* តើលោក ត្រាំ ប្រើអំណាចប្រតិបត្តិរបស់លោកយ៉ាងដូចម្ដេច?លោក ដូណាល់ ត្រាំ បានស៊ីញេលើបទបញ្ជាប្រតិបត្តិយ៉ាងហោច ១៤២ មកទល់នឹងពេលនេះ ពោលគឺច្រើនជាងប្រធានាធិបតីណាៗទាំងអស់របស់សហរដ្ឋអាមេរិក ក្នុងពេល១០០ថ្ងៃដំបូងនៃការចូលកាន់តំណែង។ នេះបើតាមគេហទំព័រ American Presidency Project។ បទបញ្ជាប្រតិបត្តិការ គឺជាការបង្គាប់បញ្ជាមួយចេញដោយប្រធានាធិបតី ទៅលើទីភ្នាក់ងារសហព័ន្ធទាំងអស់របស់សហរដ្ឋអាមេរិកដែលមានសិទ្ធិអំណាច ខាងផ្លូវច្បាប់ ប៉ុន្តែមិនតម្រូវឱ្យមានការអនុម័តយល់ព្រមពីសភាជាមុននោះទេ។ កាលពីថ្ងៃទី២០ ខែមករា ជាថ្ងៃទី១នៃការចូលកាន់តំណែង លោក ត្រាំ បានស៊ីញេលើបទបញ្ជាប្រតិបត្តិចំនួន២៦ ក្នុងនោះរួមមានទាំង ការលើកលែងទោសឱ្យមនុស្សជាច្រើនជាង ១៥០០នាក់ ដែលត្រូវបានកាត់ទោសពីបទចូលអុឡុកវិមានសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) និងប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) ទៅជាឈូងសមុទ្រអាមេរិក (Gulf of America) ជាដើម។ ភាគច្រើននៃបទបញ្ជាប្រតិបត្តិទាំងនេះរបស់លោក គឺផ្តោតលើអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន ព្រមទាំងថាមពល និងពាណិជ្ជកម្ម។
* តើមានមនុស្សប៉ុន្មាននាក់ត្រូវបានលើកលែងទោស?
ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកលែងទោសដល់មនុស្សច្រើនជាង ១៥០០នាក់ ក្នុងនោះរួមមានទាំងអ្នកគាំទ្ររបស់លោកដែលត្រូវបានតុលាការកាតទោសឱ្យជាពិរុទ្ធ ក្នុងសំណុំរឿងចូលអុកឡុកវិមានសភាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីរូបលោកចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។
* បង្កើតអង្គភាពថ្មីមួយ និងកាត់បន្ថយបុគ្គលិករដ្ឋអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល ឬ DOGE ដឹកនាំដោយមហាសេដ្ឋីអាមេរិក លោក Elon Musk ត្រូវបានបង្កើតដោយលោក ដូណាល់ ត្រាំ តាមរយៈបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី២០ ខែមករា។ អង្គភាពនេះមានភារកិច្ច កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ បើតាមគេហទំព័រ DOGE អង្គភាពមួយនេះបានកាត់បន្ថយការចំណាយ ១៦០ពាន់លានដុល្លារពីកញ្ចប់ថវិកាសហព័ន្ធ ឬស្មើនឹង ៨ភាគរយនៃកញ្ចប់ទឹកប្រាក់ ២ទ្រីលានដុល្លារដែលលោក Musk បានសន្យាថាជួយសន្សំសំច្ចៃ។ DOGE បានឱ្យដឹងថាការកត់បន្ថយការចំណាយធំបំផុតធ្វើឡើងនៅក្នុងក្រសួងសុខាភិបាល និងសេវាមនុស្ស (៤៧.៤ពាន់លានដុល្លារ) ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬ USAID (៤៥.២ពាន់លានដុល្លារ) និងក្រសួងការបរទេស (២.៦ពាន់លានដុល្លារ)។ ទូរទស្សន៍ CNN វិញដោយផ្អែកលើទិន្នន័យដែលខ្លួនប្រមូលបាន បានឱ្យដឹងថាមានបុគ្គលិក យ៉ាងហោច ១២១ ០០០នាក់ត្រូវបានបណ្ដេញចេញទីភ្នាក់ងារសហព័ន្ធនានារបស់សហរដ្ឋអាមេរិក ក្នុងមានជាង ១០ ០០០នាក់ត្រូវបានបណ្ដេញចេញពី USAID។
USAID ជាគោលដៅដំបូងគេដែលលោក ដូណាល់ ត្រាំ តាមប្រមាញ់ ហើយឥលូវទីភ្នាក់ងារមួយស្ទើរតែត្រូវបានបិទចោលទាំងស្រុងទៅហើយ។
* ពន្ធគយ និងសេដ្ឋកិច្ចរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ចេញការអនុវត្តការយកពន្ធគយទៅវិញទៅមក។ តាមលោក ត្រាំ គោលនយោបាយពន្ធគយរបស់លោកមានគោលដៅកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដោះស្រាយ ការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ប្រឆាំងអាមេរិក បង្កើតការងារដោយនាំរោងចក្រអាមេរិកត្រឡប់មកសហរដ្ឋអាមេរិកវិញ និងបង្កើតប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលអាមេរិក។ នៅថ្ងៃទី១ ខែកុម្ភៈ លោក ត្រាំ បានយកពន្ធគយ ២៥ភាគរយលើទំនិញនាំចូលពីកាណាដា និងម៉ិកស៉ិក ក្នុងនោះមានពន្ធគយ១០ភាគរយលើថាមពលកាណាដា និងបានដាក់ពន្ធគយ១០ភាគរយលើទំនិញនាំចូលពីចិន។ ប៉ុន្មានសប្ដាហ៍បន្ទាប់មក លោកបានយកពន្ធគយ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម រួមទាំងរថយន្ដ។ រហូតដល់ខែមេសា លោក ត្រាំ បានកំណត់ការយកពន្ធគយ ១០ភាគរយលើមុខទំនិញនាំចូលមកពីជុំវិញពិភពលោក ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចា ក្រោយផ្អាកយកពន្ធគយកម្រិតខ្ពស់រយៈពេល៩០ថ្ងៃ។ ប៉ុន្តែលើកលែងតែចិនដែលលោក ត្រាំ យកពន្ធគយដល់ទៅ១៤៥ភាគរយ។ តែទោះជាបែបនេះក្ដី ការពន្ធគយនេះត្រូវបានលើកលែងលើផលិតផលពាក់ព័ន្ធនឹង បច្ចេកវិទ្យា តួយ៉ាង smartphones។
* ធ្វើឱ្យរញ្ជួយទីផ្សារមូលបត្រចាប់តាំងពីឡើងកាន់តំណែង លោក ត្រាំ បានធ្វើឱ្យទីផ្សារមូលបត្ររញ្ជួយស្ទើរតែក្រឡាប់ចាក់ មួយផ្នែកធំដោយសារគោលនយោបាយពន្ធគយរបស់លោក។ ក្រោយលោក ត្រាំ ស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ទីផ្សារមូលបត្រនៅសហរដ្ឋអាមេរិកបានដាំក្បាលចុះក្រោម។ ផ្សារមូលបត្រ S&P 500 បានធ្លាក់ចុះអស់៧.៩ភាគរយ និងផ្សារមូលបត្រ Nasdaq ធ្លាក់ចុះអស់១២.១ភាគរយ រីឯផ្សារមូលបត្រ Dow Jones ធ្លាក់ចុះអស់ ៨.៩ភាគរយ។
* គោលនយោបាយការបរទេស៖ ជំហរចំពោះអ៊ុយក្រែន ហ្កាហ្សា និងយេម៉ែនចាប់តាំងពីឡើងកាន់អំណាច លោក ត្រាំ បាននិយាយថាលោកប្រកាន់យកគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ America First។ និយាយពីអ៊ុយក្រែន លោក ត្រាំ បានរិះគន់រដ្ឋបាលរបស់ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់ការផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន ដែលលោកយល់ថាច្រើនជ្រុលពេក ហើយថាអឺរ៉ុបគួរតែចូលរួមចំណែកទទួលបន្ទុកដ៏ធំនេះពីសហរដ្ឋអាមេរិក។ នៅថ្ងៃទី៣ ខែមីនា លោក ត្រាំ បានប្រកាសផ្អាកការផ្ដល់ជំនួយយោធាឱ្យទីក្រុងកៀវជាការសម្រេចចិត្តមួយទទួលរងការរិះគន់យ៉ាងខ្លាំងពីអឺរ៉ុប។ រដ្ឋបាលលោក ត្រាំបានរៀបចំកិច្ចចរចាជាច្រើនលើកមកហើយជាមួយក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន ដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យភាគីទាំងសងបញ្ចប់សង្រ្គាម។ នៅឯមជ្ឈិមបូព៌ាវិញ លោក ត្រាំ បានលើកឡើងនូវសំណើដ៏ចម្រូងចម្រាសមួយដោយលោកចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើតំបន់ហ្កាហ្សា និងជម្លៀស ប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីហ្កាហ្សា ដើម្បីទុកឱ្យលោកអភិវឌ្ឍតំបន់សង្រ្គាមមួយនេះឱ្យក្លាយជាឋានសួគ៌អចលនទ្រព្យ។ ព្រមពេលជាមួយគ្នា លោក ត្រាំ បានបន្តបញ្ជូនគ្រាប់បែកទម្ងន់៩០០គីឡូក្រាមឱ្យ អ៉ីស្រាអែល។ ចាប់តាំងពីពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ កាលពីថ្ងៃទី២០ ខែមករា កងកម្លាំងអ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ២ ៣៩២នាក់ នៅក្នុងតំបន់ហ្កាហ្សា និង១០៥នាក់នៅក្នុងតំបន់ West Bank។ ក្នុងតំបន់មជ្ឈិមបូព៌ានេះដែរ សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន ក្រោមស្លាកប្រតិបត្តិការ Operation Rough Rider ដែលបានចាប់ផ្ដើម ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ក្នុងគោលដៅបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់លើកប៉ាល់ដឹកទំនិញ នៅតំបន់សមុទ្រក្រហម។
ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១៨ ខែមេសា សហរដ្ឋអាមេរិកបានវាយប្រហារយ៉ាងហោច ២០៧លើកលើគោលដៅក្នុងប្រទេសយេម៉ែន ដោយសម្លាប់មនុស្សយ៉ាងតិច ២០៩នាក់។ នេះបើតាមគេហទំព័រ Armed Conflict Location and Event Data Project (ACLED)។
* តើលោក ត្រាំ បានធ្វើតាមសន្យាដែរឬទេ?អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៤ លោក ត្រាំ បានសន្យាយ៉ាងហោចចំនួន ៧៥ ក្នុងនោះរួមមានចាប់ពីការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ រហូតដល់ដោះលែងក្រុមកុបករដែលត្រូវបានកាត់ទោស ពីបទចូលអុកឡុកវិមានសភាកាលពីឆ្នាំ២០២១។ តាមស្ថាប័ន PolitiFact លោក ត្រាំ បានគោរពតាមពាក្យសន្យាចំនួន៦ មិនបានធ្វើតាមពាក្យសន្យាចំនួន១ នោះគឺបញ្ចប់សង្រ្គាមអ៊ុយក្រែនដោយប្រើពេលត្រឹមមួយថ្ងៃ ជាប់គាំងចំនួន៤ និងកំពុងដំណើរការចំនួន២៣។ នៅសល់ពាក្យសន្យាចំនួន៤១ទៀតមិនទាន់ត្រូវបានវាយតម្លៃ៕