ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី៣

Posted By: RoogRog Robot | 29-Apr-2025 21:23:34

2025-04-29 09:18pm

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) និងជាអនុប្រធានក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក (ក.ប.យ.អ.) តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានក.ប.យ.អ. ផ្នែករាជរដ្ឋាភិបាល នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី៣ (ក.ប.យ.អ.)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាសហប្រធានពីផ្នែកឯកជនចំនួន២រូប៖ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA (CAMBODIA) PLC. សហប្រធានតំណាងវិស័យយានយន្ត និងលោក Kensuke Watanabe តំណាងលោក Yoshihiro Sakanushi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន MINEBEA (CAMBODIA) CO., LTD. ជាសហប្រធានតំណាងវិស័យអេឡិចត្រូនិក រួមនឹងសមាជិក សមាជិកា ជាតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងវិស័យឯកជនចំនួន ១០៥រូប។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន ៤រួមមាន៖ ទី១-ពិភាក្សាលើលទ្ធផលគន្លឹះបឋមនៃរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា, ទី២-ពិភាក្សាលើស្ថានភាពបច្ចុប្បន្ន, បញ្ហាប្រឈម និងសំណូមពរក្នុងវិស័យទាំងពីរ ទី៣-កាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យទាំងពីរ និងទី៤-កំណត់ទិសដៅការងារបន្ត។

អគ្គលេខាធិការ សហប្រធានអង្គប្រជុំបានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងបានជម្រាបជូនអំពីរបៀបវារៈនៃកិច្ចប្រជុំ ស្ថានភាពវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ព្រមទាំងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលនៃសភាពការណ៍ ពាណិជ្ជកម្មពិភពលោក ដែលអាចប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។

បន្ថែមលើនេះទៀត អគ្គលេខាធិការ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងចក្ខុវិស័យកម្ពុជា២០៥០ ហើយនៅក្នុងគោលនយោបាយនេះផងដែរ វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។

បន្ទាប់មក សហប្រធានផ្នែកឯកជនទាំង២ បានថ្លែងមតិស្វាគមន៍ ដោយបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមាននូវកិច្ចប្រជុំ ក.ប.យ.អ. លើកទី៣ នេះឡើង ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការសហការយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមផ្តល់ ជាធាតុចូលសំខាន់ៗនានា សម្រាប់ពិចារណាធ្វើការកែលម្អការអនុវត្ត សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖



























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...