(ត្បូងឃ្មុំ)៖ លោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី <<បដិសណ្ឋារកិច្ចល្អ>> ជូនមន្ត្រីសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងទេសចរណ៍ ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោក ប៉េង សម្បត្តិ បានលើកឡើងថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា <<មាសបៃតង>> និងជា <<ឧស្សាហកម្មគ្មានផ្សែង>> ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោល ជម្រុញការនាំចេញនៅនឹងកន្លែងកំណើនសេដ្ឋកិច្ចជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ។
លោក អភិបាលរងខេត្ត បានបន្តថា ក្រោមការគិតគូរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតអោយរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកគ្រូ អ្នកគ្រូពេទ្យ ព្រោះមានតម្លៃបន្ថែមលើមុខជំនាញវិជ្ជាជីវៈ និងជាការផ្តល់ទំនុកចិត្តដល់អ្នកមកទទួលសេវាពីមន្ទីរពេទ្យនានាក្នុងខេត្ត។
វគ្គនេះក្រោមកិច្ចសហការល្អរវាងមន្ទីរទេសចរណ៍ខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានផ្តួចផ្តើមបណ្តុះបណ្តាល ដើម្បីឆ្លើយតមបរិបទថ្មីរបស់ក្រសួងសុខាភិបាល ស្តីពីការផ្តល់សេវាសាធារណៈល្អ ជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ គឺឈរលើស្មារតីទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពរុះរាយរាក់ទាក់។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំទាំងអស់ ដែលខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ធ្វើការមិនខ្លាចនើយហត់ យកចិត្តទុកដាក់ថែទាំ ព្យាបាល និងសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ក៏ដូចជាមកអំពីខេត្តដទៃៗទៀត។
លោកសង្ឃឹមថា មន្ត្រីនៃមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្តទាំងអស់នឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗល្អៗ ព្រមទាំងព័ត៌មានទាក់ទងនឹងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ទាំងក្នុងវិស័យទេសចរណ៍ និងទីក្រុងស្អាត។
បើតាមរបាយការណ៍លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ នៃត្រីមាសទី១ ទូទាំងខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរមានចំនួន ១៩០,៨០៥នាក់ ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ មានចំនួន២៥៦,៧៩២នាក់ ថយចុះ២៥,៧០% ក្នុងនោះមានភ្ញៀវទេសចរជាតិមានចំនួន ១៨៨,៧៤៤នាក់ ស្រីចំនួន ១១៣,២៤៩នាក់ ភ្ញៀវទេសចរបរទេសចំនួន ២,០៥៧នាក់ ស្រីចំនួន ១,២៣៤នាក់ផងដែរ។
លោកបានបន្តថា បដិសណ្ឋារកិច្ចល្អ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយមិនថា នៅក្នុងវិស័យទេសចរណ៍នោះទេ ព្រោះជាសេវាដែលមានសារៈសំខាន់ណាស់ សម្រាប់ផ្តល់សេវាកម្មជូនភ្ញៀវប្រកបដោយភាពរីករាយរាក់ទាក់ ប្រកាន់ខ្ជាប់សីលធម៌ និងគុណធម៌ ព្រមទាំងកាយវិការ ពាក្យសំដី និងតាមបរិបទវប្បធម៌ ក្រោមពាក្យស្លោក <<ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីទេសចរណ៍>> ជាពាក្យស្លោកសម្តេចតេជោ <<ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព>> ជាពាក្យស្លោក របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត <<ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!>>៕