វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយភាគីពាក់ព័ន្ធរៀបចំសិក្ខាសាលាស្តីពីការទូតវិទ្យាសាស្ត្រក្នុងបម្រែបម្រួលពិភពលោក

Posted By: RoogRog Robot | 29-Apr-2025 19:53:40

2025-04-29 07:47pm

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសាកលវិទ្យាល័យខេមតិច និងវេទិកា AI បានរៀបចំសិក្ខាសាលា ស្តីពី <<ការទូតវិទ្យាសាស្ត្រក្នុងបម្រែបម្រួលពិភពលោក>> ដើម្បីបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ការទូតវិទ្យាសាស្រ្ត ដែលជាកាតាលីករក្នុងការដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា។

សិក្ខាសាលានេះ បានរៀបចំឡើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្ម ដោយពិភាក្សាអំពីវិធីដែលការទូតវិទ្យាសាស្ត្រអាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោះស្រាយវិបត្តិសកល និងលើកកម្ពស់សមធម៌ក្នុងការទទួលបានបច្ចេកវិទ្យា។ សិក្ខាសាលាក៏ផ្តោតលើសារៈសំខាន់នៃការផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងគោលនយោបាយ និងការពង្រឹងកិច្ចសហការផ្នែកវិទ្យាសាស្ត្រឆ្លងព្រំដែនផងដែរ។

លោក ហែម វណ្ណឌី បានលើកឡើងថា <<ការទូតវិទ្យាសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពវិទ្យាសាស្ត្រជាសាកល ដោយសម្រួលដល់ការចែករំលែកចំណេះដឹង ធនធាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើជាកាតាលីករក្នុងការដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា>>។

សិក្ខាសាលាមានបទអន្តរាគមន៍របស់លោក Sardar Umar Alam តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅកម្ពុជា ស្តីពីតួនាទីវិទ្យាសាស្ត្រក្នុងការរៀបចំគោលនយោបាយការបរទេស។

លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានចូលរួមដឹកនាំកិច្ចពិភាក្សាស្តីពីវិទ្យាសាស្ត្រសម្រាប់វិស័យការទូត ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបច្ចេកវិទ្យាថ្មីៗផងដែរ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...