(ភ្នំពេញ)៖ សមាគម អង្គការសង្គមស៊ីវិល រួមជាមួយផ្នែកឯកជន បានបង្ហាញពីការគាំទ្រ និងចូលរួមសកម្មភាពជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យកម្ពុជាមានភាពស្អាត និងមានភាពបៃតង បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។
ការបង្ហាញនេះបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន របស់ប្រតិភូសមាគមយុវជន អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងសណ្ឋាគារ Courtyard by Marriott Phnom Penh នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការរួមចំណែករបស់សមាគម អង្គការសង្គមស៊ីវិល រួមជាមួយផ្នែកឯកជន ដូចជាសមាគម យុវជនអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងប្រតិភូសណ្ឋាគារខតយ៉ាតបាយម៉ារៀតភ្នំពេញ គឺជាការបង្ហាញនូវផ្នត់គំនិតធ្វើឱ្យកម្ពុជាមានភាពស្អាត និងបៃតង តាមរយៈការចូលរួមសកម្មសម្អាតអនាម័យបរិស្ថាន រើសសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ តាមទីសាធារណៈ ជុំវិញទីតាំងនិងមូលដ្ឋានរបស់ខ្លួន និងចូលរួមដាំដើមឈើនៅតាមទីសាធារណៈដើម្បីបង្កើនគម្របបៃតង។ ការណ៍នេះគឺស្របតាមការងារអាទិភាព របស់ក្រសួងបរិស្ថាន ដែលកំពុងអនុវត្តយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ក្នុងការប្រែក្លាយកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព។
លោករដ្ឋមន្រ្តី បានថ្លែងស្វាគមន៍ និងគាំទ្រសកម្មភាពចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញធរមូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានជំរុញឱ្យយុទ្ធនាការរបស់ ក្រសួងបរិស្ថាន ដើម្បីភាពស្អាត និងភាពបៃតង ហើយភាពស្អាត និងបែតងរបស់កម្ពុជានឹងសាយភាយពីមាត់មួយទៅមាត់មួយ តាមរយៈសាធារណជន អ្នកទេសចរ ដែលនេះជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។
សូមជម្រាបថា ក្រៅពីការចូលសកម្មភាពសម្អាត ប្រមូលទុកដាក់សំរាម និងការសម្អាតទន្លេសាប ប្រតិភូសមាគមយុវជនអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រួមជាមួយសណ្ឋាគារខតយ៉ាតបាយម៉ារៀតភ្នំពេញ បានទទួលការគាំទ្រពីក្រសួងបរិស្ថាន ក្នុងរៀបចំការដាំដើមឈើនៅឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួនផងដែរ៕