វិមានក្រឹមឡាំង៖ អ៊ុយក្រែន មិនទាន់ឆ្លើយតបសំណើចរចាផ្ទាល់ និងបទឈប់បាញ់ខែឧសភា

Posted By: RoogRog Robot | 29-Apr-2025 19:25:26

2025-04-29 07:24pm

(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអង្គារ ទី២៩ ខែមេសា ថា ប្រទេសអ៊ុយក្រែនមិនទាន់បានឆ្លើយតបទៅនឹងសំណើជាច្រើនលើករបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការចាប់ផ្តើមការចរចាសន្តិភាពដោយផ្ទាល់នោះទេ ហើយក៏មិនទាន់ច្បាស់ដែរថា តើអ៊ុយក្រែននឹងចូលរួមគោរពបទឈប់បាញ់រយៈពេលបីថ្ងៃដែលលោក ពូទីន បានប្រកាសសម្រាប់ខែក្រោយដែរឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ <<គឺលោកប្រធានាធិបតី ពូទីន ដែលបាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីចាប់ផ្តើមដំណើរការចរចា>>។ លោកបានបន្ថែមថា វាពិបាកយល់ណាស់ថាតើអ៊ុយក្រែនមានបំណងចូលរួមបទឈប់បាញ់រយៈពេល ៣ថ្ងៃ (៨-១០ ឧសភា) ដែលលោក ពូទីន បានប្រកាសកាលពីថ្ងៃចន្ទ ដើម្បីរំលឹកខួបលើកទី ៨០ នៃជ័យជម្នះសង្គ្រាមលោកលើកទីពីរ ដែរឬទេ។

ជាការឆ្លើយតបទៅនឹងការប្រកាសបទឈប់បាញ់នោះ ភាគីអ៊ុយក្រែនបានចោទសួរថា ហេតុអ្វីបានជាទីក្រុងមូស្គូមិនយល់ព្រមតាមការអំពាវនាវរបស់ខ្លួនឲ្យមានបទឈប់បាញ់រយៈពេលយ៉ាងតិច ៣០ថ្ងៃ ហើយចាប់ផ្តើមភ្លាមៗ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងដោយសង្កត់ធ្ងន់ថា​ <<ពួកយើងឲ្យតម្លៃជីវិតមនុស្ស មិនមែនព្យុហយាត្រាទេ>>។

គួរបញ្ជាក់ថា ការឆ្លើយឆ្លងគ្នានេះ បង្ហាញពីការខ្វះទំនុកចិត្ត និងភាពខុសគ្នានៃអាទិភាពរវាងភាគីទាំងពីរ ដែលបន្តធ្វើឲ្យដំណើរការចរចាសន្តិភាពពិតប្រាកដនៅតែមិនអាចប្រព្រឹត្តទៅបាន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...