(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតជូនក្រុមគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។
តាមរយៈសារលិខិតរំលែកទុក្ខផ្ញើជូន លោក សែ វិត និងលោកស្រី អិន រឺ ព្រមទាំងក្រុមគ្រួសារ, សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា៖ <<ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង ដោយទទួលដំណឹងថា លោក មាស សាវ៉ាង ត្រូវជាកូនរបស់ លោក និងលោកស្រី ដែលបានទទួលមរណភាពក្នុងអាយុ ២៣ឆ្នាំ នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខប្រកបដោយ សេចក្តីសង្វេគអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់កូនជាទីស្រលាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងញាតិមិត្តជាទីស្រលាញ់។
ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ>>។
ការរកឃើញសពពលករខ្មែរឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសដោយក្រសួងការងារ នារសៀលថ្ងៃទី៣១ ខែមីនានេះ បន្ទាប់ពីមានការបញ្ជាក់ពីសមត្ថកិច្ច។ ក្រសួងការងារ នឹងធ្វើបច្ចុប្បន្នភាពបន្ថែម ក្នុងករណីមានការបញ្ជាក់ជាផ្លូវការណាមួយពី អាជ្ញាធរមានសមត្ថកិច្ចថៃ៕