(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមជាមួយលោកស្រី ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជានៅខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកាស្ត្រី នៅរាត្រីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរាត្រីស្រមោលស ដើម្បីលើកស្ទួយយ៉ាងសកម្ម និងពង្រឹងវិស័យអាជីវករលើសេដ្ឋកិច្ចក្នុងសង្គមកាន់តែច្រើន និងក្នុងការផ្តល់ការងារលើកស្ទួយផ្នែកស្រ្តី ក្នុងជីវភាពគ្រួសារដើម្បីបង្ហាញភាពអង់អាចរបស់ស្ត្រី និងឱកាសការងារ។
លោកស្រី ថុង ណាត់ស្យា បានឱ្យលើកថា សហគ្រិនស្រ្តីរបស់លោកស្រី កំពុងដើរតួនាទីយ៉ាងសំខាន់សម្របសម្រួលផ្សព្វផ្សាយ ចែករំលែកចំណេះដឹង ពង្រឹងសមត្ថភាពបទពិសោធន៍ និងស្វែងរកអតិថិជន សម្រាប់លក់ផលិតផល នានាទៅកាន់ទីផ្សារ និងការនាំចេញទៅក្រៅស្រុកជូនស្រ្តី ដែលជាសមាជិកក្នុងការរកប្រាក់ចំណូលក្រុមគ្រួសារ។
ពិធីរាត្រីស្រមោលសរ Gala-Dinner CWEA-KOH KONG រៀបចំឡើងក្រោមប្រធានបទ <<សិទ្ធិ សមភាព និងភាពអង់អាច នៃនារីសម័យសន្តិភាព>>។
លោកស្រី ថុង ណាត់ស្យា បន្ថែមថា ១ឆ្នាំ ៣ខែ នៃការបង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជានៅខេត្តកោះកុង បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម តាមរយៈការបណ្តុះបណ្តាលជំនាញនានា ការប្រឹក្សាយោបល់ និងការផ្តល់យោបល់ ការកសាងបណ្តាញធុរកិច្ច ក្នុងការប្រមូលបញ្ហាប្រឈមនានារបស់សហគ្រិនស្ត្រី ដើម្បីនាំយកបញ្ហាប្រឈម ឬសម្លេងស្ត្រីទៅជូនស្ថាប័ន ឬអ្នកធ្វើគោលនយោបាយពាក់ព័ន្ធនានា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការស្វែងរក ដំណោះស្រាយ ក៏ដូចជាការរៀបចំកម្មវិធីផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រិនស្ត្រី។
លោកស្រី មិថុនា ភូថង បានកោតសសើរ និងមានមោទនភាពចំពោះការបង្កើតសមាគមសហគ្រិនស្រ្តីកម្ពុជានៅខេត្តកោះកុង និងចាត់ទុកថា ពិតជាបានសហការ និងធ្វើសកម្មភាពច្រើនជួយដល់ក្រុមស្រ្តីដែលមានអាជីវកម្ម ក្នុងន័យផ្សព្វផ្សាយ ពង្រឹងគុណភាពផលិតផល និងលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋានអស់រយៈពេលជាង១ឆ្នាំកន្លងមក។
លោកស្រី មិថុនា ភូថង បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកស្រ្តីជាស្នូលឆ្អឹងខ្នងមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដែលផ្តោតលើមូលធនមនុស្ស ការលើកកម្ពស់វិស័យយេនឌ័រ អប់រំសុខភាព ផ្តល់ភាពអង់អាច និងការដឹកនាំគ្រប់កម្រិតតាមស្ថាប័ននីមួយៗ។
លោកស្រីបានផ្តាំផ្ញើស្ត្រីទាំងអស់ត្រូវរកជំនាញ ដើម្បីសេដ្ឋកិច្ចគ្រួសារ និងលើកស្ទួយដល់ស្រ្តីយើងទាំងអស់ឲ្យយល់ដឹងពីការងារជាស្រ្តី ដែលមានសិទ្ធិស្មើបុរសដែរក្នុងការបង្កើនធនធានមនុស្ស៕