ផែនការកាស៊ីណូថៃ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ក្នុងការទទួលមតិសាធារណៈ

Posted By: RoogRog Robot | 26-Mar-2025 14:21:28

2025-03-26 01:15pm

(បាងកក)៖ អ្នកឆ្លើយតបភាគច្រើនលើសលប់ នៅក្នុងនីតិវិធីទទួលមតិសាធារណៈ បានគាំទ្រផែនការរបស់ប្រទេសថៃ ក្នុងការធ្វើឱ្យកាស៊ីណូមានភាពស្របច្បាប់ ដោយរដ្ឋាភិបាលថៃបង្ហាញថា ខ្លួនបើកចំហក្នុងការរួមបញ្ចូលមតិយោបល់ ដែលស្នើឱ្យមានការបន្ធូរបន្ថយរបាំង ដែលរារាំងប្រជាពលរដ្ឋក្នុងស្រុកចូលភ្នាល់នៅកាស៊ីណូ។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ថា ប្រហែល ៨០% នៃអ្នកឆ្លើយតបបានយល់ស្របជាមួយនឹងខ្លឹមសាររួម នៃសេចក្តីព្រាងច្បាប់ ដែលដាក់ឱ្យកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់នេះ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបើកដំណើរការកាស៊ីណូ នៅខាងក្នុងកន្លែងកម្សាន្តធំៗ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយរដ្ឋាភិបាលថៃបានឱ្យដឹងថា មនុស្សជាង ៧ពាន់នាក់នាក់ បានបញ្ជូនមតិយោបល់ និងអនុសាសន៍របស់ពួកគេ នៅក្នុងអំឡុងពេលទទួលមតិយោបល់ជាសាធារណៈ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី១៤ ខែមីនាដោយក្រសួងហិរញ្ញវត្ថុថៃ។

ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍ មានបំណងអនុម័តច្បាប់ ស្តីពីកាស៊ីណូដ៏ចម្រូងចម្រាសនៅឆ្នាំនេះ ដើម្បីទាក់ទាញការវិនិយោគ ពីបរទេសកាន់តែច្រើន និងបង្កើនប្រាក់ចំណូលពន្ធ ស្របពេលដែលដោះស្រាយកន្លែងភ្នាល់ល្បែង ខុសច្បាប់ផងដែរ។ ប៉ុន្តែចំណាត់ការនេះត្រូវបានរិះគន់ដោយក្រុមប្រឆាំង និងក្រុមដែលកំពុងប្រយុទ្ធប្រឆាំងនឹងការញៀនល្បែង ក្នុងចំណោមប្រជាជនថៃ ដោយពួកគេនិយាយថា កាស៊ីណូនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់អាជីវកម្មធំៗ និងក្រុមហ៊ុនបរទេស។

ក្រុមហ៊ុនភ្នាល់ល្បែងនៅទូទាំងពិភពលោក បានធ្វើយុទ្ធនាការអស់រយៈពេលជាយូរមកហើយ ដោយទាមទារឱ្យមានការដាក់អាជីវកម្មកាស៊ីណូ ជាអាជីវកម្មស្របច្បាប់នៅប្រទេសថៃ ដែលជាគោលដៅទេសចរណ៍កំពូលមួយ របស់ពិភពលោក។

ក្រុមហ៊ុន Galaxy Entertainment Group Ltd. និងក្រុមហ៊ុន MGM Resorts International ត្រូវបានគេនិយាយថា កំពុងសិក្សាពីឱកាសដ៏មានសក្ដានុពលនៅក្នុងប្រទេសថៃ ដើម្បីរៀបចំផែនការទប់ទល់នឹងភាពមិនច្បាស់លាស់ ក្នុងទីក្រុងម៉ាកាវ។ ក្រុមហ៊ុន Las Vegas Sands Corp. បាននិយាយថា ខ្លួនចាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្មកាស៊ីណូ នៅក្នុងប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...