(វ៉ាស៊ីនតោន)៖ នៅដើមខែនេះ ហាងលក់រាយយីហោ Macy's បានប្រកាសថា ខ្លួននឹងបិទសាខាចំនួន១៥០ទីតាំង ក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមទាំងសាខានៅទីក្រុង Philadelphia ជាទីពេញនិយមផងដែរ។ កាលពីខែមុនហាងលក់រាយលក់ក្រណាត់ និងសិប្បកម្ម Joann បានប្រកាសថា ខ្លួននឹងបិទអាជីវកម្មបន្ទាប់ពីបានបើកដំណើរការអស់រយៈពេល ៨០ឆ្នាំ។ ហាង Walgreens ហាង Party City និងហាង CVS ក៏រងគ្រោះពីមហន្តរាយនេះដែរ ប៉ុន្តែតើមានអ្វីជាហេតុផលនៅពីក្រោយបញ្ហានេះ?
លោក Scott Y. Stuart នាយកប្រតិបត្តិនៃសមាគមគ្រប់គ្រងការផ្លាស់ប្តូរ (TMA) ដែលជាសមាគមមិនស្វែងរកប្រាក់ចំណេញ បានផ្តល់បទសម្ភាសទៅកាន់កាសែត Mirror.com ដែលមានមូលដ្ឋាននៅអង់គ្លេស អំពីអ្វីដែលកំពុងកើតឡើងនៅពីក្រោយការបិទអាជីវកម្មរបស់ហាងធំៗទាំងនេះ។ សមាគមដែលគាត់ដឹកនាំ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Chicago រដ្ឋ Illinois ដែលធ្វើការជាមួយអាជីវកម្មជាច្រើននៅពេល ដែលអាជីវកម្មទាំងនោះរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។
លោក Scott បានគូសបញ្ជាក់ពីមូលហេតុសំខាន់ៗ ដោយនិយាយថា៖ <<ការលក់រាយជានិច្ចកាល គឺជាវិស័យដែលមានភាពប្រែប្រួលខ្លាំង ដែលការរៀបចំស្ថាប័នឡើងវិញ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ គឺជារឿងកើតឡើងជាធម្មតា>>។
លោកបានបន្ថែមថា៖ <<ខណៈពេលដែលការផ្លាស់ប្តូរកើតមានឡើង ក្នុងអំឡុងវដ្តផ្សេងៗគ្នា ការផ្លាស់ប្តូរនេះគឺជាវដ្តដែលកើតមានក្រោយជំងឺរាតត្បាត ដែលបណ្តាលឱ្យមានការលេចឡើងកត្តាជាច្រើន ដែលកំពុងកើតមានឡើងនៅពេលនេះ ដូចជាទីផ្សារអនឡាញ ការធ្វើការងារពីផ្ទះដែលប៉ះពាល់ដល់ចរាចរណ៍កណ្តាលទីក្រុង ការចំណាយលើទីតាំងជួលពាណិជ្ជកម្ម និងសម្ពាធដែលប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ និងការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់>>។
កាលពីដើមខែកុម្ភៈ ក្រុមហ៊ុន Liberated Brands ដែលជាម្ចាស់យីហោសម្លៀកបំពាក់ម៉ាក Volcom, Billabong, Quiksilver, Spyder, RVCA, Roxy និង Honolua បានដាក់ពាក្យក្ស័យធននៅទីក្រុង Delaware ដែលមានន័យថា ក្រុមហ៊ុនបិទហាងទាំងអស់របស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក។ លោក Todd Hymel នាយកប្រតិបត្តិក្រុមហ៊ុន Liberated Brands បានស្តីបន្ទោសថា ការបិទអាជីវកម្មនេះកើតមានឡើងដោយសារការកើនឡើងវត្តមានសម្លៀកបំពាក់ធូរថ្លៃ និងសម្ពាធអតិផរណាដែលកំពុងកើតមាន និងអត្រាការប្រាក់ខ្ពស់សម្រាប់អាជីវកម្ម។
ការបិទអាជីវកម្មទាំងនេះ បាននាំឱ្យឈានទៅរកអ្វីដែលគេហៅថា “វាលខ្សាច់ហាងទំនិញ” ពោលគឺជាតំបន់ដែលមានហាងទំនិញច្រើន តែពលរដ្ឋមានលទ្ធភាពតិចតួច ក្នុងការចូលទិញទំនិញក្នុងហាងទាំងនោះ ដោយសារធនធានថវិកាមានកម្រិត។ លោក Scott បានពន្យល់ថា៖ <<វាបានកើតឡើងរួចហើយ នៅក្នុងតំបន់ខ្លះនៃប្រទេសរបស់យើង ជាទីដែលវប្បធម៌ដើរទិញទំនិញតាមផ្សារទំនើបបានថយចុះខ្លាំង។ ហើយការបន្តធ្លាក់ចុះទីតាំងលក់រាយកើតមានពិតប្រាកដ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏ការច្នៃប្រឌិតហាងលក់រាយឡើងវិញ (ដូចជាការវិលត្រលប់មកវិញ នៃហាងលក់សៀវភៅ Barnes និង Nobel បន្ទាប់ច្នៃប្រឌិតឡើងវិញ) នឹងមកជំនួសហាងចាស់ៗ ដែលបានបិទមួយចំនួន ប៉ុន្តែមិនមែនទាំងអស់ទេ>>។
លោកថ្លែងទៀតថា៖ <<ដូចអ្វីៗផ្សេងទៀតដែរ ការលក់រាយបានប្រែប្រួលចុះឡើង ហើយបើយើងក្រឡេកមើលទៅក្រោយជាង ២០ឆ្នាំមុន វានឹងបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងប្រភេទលក់រាយនានា>>។
លោក Scott បានលើកឡើងពីស្រុកកំណើតនៃសមាគមរបស់គាត់ ធ្វើជាឧទាហរណ៍ដើម្បីបង្ហាញពីផលប៉ះពាល់នេះ។ គាត់បានពន្យល់ថា៖ <<មហាវិថី Michigan នៅទីក្រុង Chicago មានអត្រាហាងលក់រាយទំនេរខ្ពស់ ដែលជាផលប៉ះពាល់ខ្លាំងមួយ ទៅលើទីក្រុងដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅតាមបណ្តោយមហាវិថីទី៥ នៃទីក្រុងស្ថិតនៅតំបន់ Mid-West នៃសហរដ្ឋអាមេរិក>>។
លោកបានបន្តថា៖ <<មហាវិធីទី៥ ក្នុងទីក្រុងញូវញ៉ក ឬនៅ Las Vegas Strip ទោះបីជាយ៉ាងណាក៏ដោយ គឺជាទីតាំងហាងលក់រាយដ៏ធំ ដែលមិនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ តំបន់លក់ទំនិញធំៗនៅអាមេរិក នឹងរងទុក្ខប្រសិនបើម៉ាកយីហោធំៗបិទទ្វានិងចាកចេញ ជាមួយនឹងសំណួរដែលត្រូវសួរថា តើអនាគតសម្រាប់ការលក់រាយ នៅទីនោះនឹងមានហាងលក់ទំនិញតូចៗ មកជំនួសហាងលក់ទំនិញធំៗ ដែលបានបិទទ្វារដែរឬទេ?>>
ជាអកុសលសម្រាប់ហាងទំនិញ ដែលជួបបញ្ហា មិនមានចម្លើយងាយស្រួល ដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់ពួកគេទេ។ លោក Scott បានពន្យល់ថា៖ <<មិនមានចម្លើយណាមួយដែលឆ្លើយត្រូវនឹងសំណួរទាំងអស់នោះទេទាក់ទងនឹងអ្វីដែលអាចជួយដោះស្រាយបញ្ហាដែលហាងទំនិញលក់រាយកំពុងជួបបញ្ហា។ ម៉ាកយីហោនានាដូចជា CVS និង Walgreens កំពុងជួបវិបត្តិដោយសារហេតុផលផ្សេងៗគ្នាដែលខុសពីហេតុផលដែលបណ្តាលឱ្យហាងលក់រាយ Macy's, Joann និង Forever21 ប្រកាសបិទទ្វារ>>។
លោកបានពន្យល់បន្តថា៖ <<ប្រភេទលក់រាយនីមួយៗ ដែលជួបបញ្ហាស្ថិតក្នុងភាពលំបាក ដោយសារហេតុផលផ្សេងៗគ្នា ហើយដូច្នេះការមានគំរូអាជីវកម្ម និងការរៀបចំផែនការយុទ្ធសាស្រ្ត គឺជាកត្តាចាំបាច់ក្នុងការកែប្រែប្រភេទអាជីវកម្មទាំងទោះឱ្យរស់ឡើងវិញរៀងៗខ្លួន ដោយគំរូអាជីវកម្ម និងការរៀបចំផែនការយុទ្ធសាស្រ្ត ត្រូវភ្ជាប់ទៅនឹងភាពល្បីល្បាញនៃម៉ាកយីហោ ប្រភេទអាជីវកម្ម ការគាំទ្ររបស់អ្នកប្រើប្រាស់។ល។ ដូច្នេះ ការកែប្រែឱសថស្ថានឱ្យរស់ឡើងវិញ វាខុសគ្នាខ្លាំងពីការកែប្រែឱ្យរស់ឡើងវិញ នូវប្រភេទអាជីវកម្មលក់រាយ ដែលផ្តោតលើសិប្បកម្ម>>៕