អនុប្រធានាធិបតីអាមេរិក ថាមិនបានមាក់ងាយអង់គ្លេសនិងបារាំង ជុំវិញផែនការដាក់ពង្រាយកងរក្សាសន្តិភាពនៅអ៊ុយក្រែន នោះទេ

Posted By: RoogRog Robot | 05-Mar-2025 15:14:33

2025-03-05 03:07pm

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៤ ខែមីនា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញមុខបដិសេធថា លោកមិនបានមាក់ងាយចក្រភពអង់គ្លេសនិងបារាំង តាមរយៈការពិពណ៌នាផែនការចង់ដាក់ពង្រាយ កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន របស់ប្រទេសទាំងពីរ ថាជាការដាក់ពង្រាយកងទ័ពប្រមាណ២០ ០០០នាក់ មកពី <<ប្រទេសតូចតាចមួយចំនួន ដែលមិនធ្លាប់ធ្វើសង្រ្គាមអស់រយៈពេល៣០ ឬ៤០ឆ្នាំ>> នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក Vance បានធ្វើឱ្យក្រុមអ្នកនយោបាយនិងអតីតយុទ្ធជន នៅប្រទេសអឺរ៉ុបទាំងពីរ មិនពេញចិត្ត ដោយនិយាយថា សម្តីរបស់លោកអនុប្រធានាធិបតីអាមេរិក ជាការមិនផ្តល់ក្តីគោរពចំពោះកងទ័ពរាប់រយនាក់ ដែលបានពលីជីវិត ក្នុងការប្រយុទ្ធរួមគ្នាជាមួយកងកម្លាំងអាមេរិក ក្នុងសង្រ្គាមនៅប្រទេសអាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់។

លោក Vance បាននិយាយថា មតិដែលយល់ថា ការអត្ថាធិប្បាយរបស់លោក ដែលត្រូវបានធ្វើឡើង អំឡុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មានអាមេរិក ​Fox News កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានរិះគន់ចំពោះកងទ័ពចក្រភពអង់គ្លេស ឬបារាំងនោះ គឺគ្មានភាពស្មោះត្រង់ទាល់តែសោះ។ លោក Vance បានសង្កត់ធ្ងន់ដូច្នេះថា <<ខ្ញុំមិនទាំងបានលើកឡើងចំៗនូវឈ្មោះ អង់គ្លេស ឬបារាំងឡើយ ក្នុងកិច្ចសម្ភាសនោះ ខណៈកងទ័ពប្រទេសទាំងពីរ បានចូលរួមប្រយុទ្ធយ៉ាងអង់អាច ជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ព្រមទាំងបន្តទៅមុខទៀត>>។

លោកអនុប្រធានាធិបតីអាមេរិក បានអះអាងថា សម្តីរបស់លោកនាពេលនោះ គឺចង់សំដៅលើបណ្តាប្រទេសដទៃទៀត នៅក្នុងអ្វី​ដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានហៅកាលពីចុងសប្តាហ៍មុនថា <<ក្រុមចម្រុះនៃប្រទេសមានឆន្ទៈ>> ដែលនឹង​ចូលរួមចំណែកផ្តល់កងទ័ព ក្នុងកងកម្លាំងរក្សាសន្តិភាព ដែលអាចនឹងត្រូវដាក់ពង្រាយនៅអ៊ុយក្រែន ក្រោយសង្រ្គាមជាមួយរុស្ស៉ី បិទបញ្ចប់។

គួរបញ្ជាក់ថា មានតែចក្រភពអង់គ្លេស និងបារាំងប៉ុណ្ណោះ ដែលបានចេញមុខប្តេជ្ញាជាសាធារណៈថា ត្រៀមលក្ខណៈជាស្រេច ក្នុងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប នៅអ៊ុយក្រែន ដើម្បីផ្តល់ការធានាសន្តិសុខ។ ក្នុងរយៈពេលប្រមាណជា៤០ឆ្នាំមកនេះ កងទ័ពរបស់អង់គ្លេសនិងបារាំង បានចូលរួមប្រយុទ្ធរួមគ្នា ជាមួយកងទ័ពរបស់អាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...