ប្រធានាធិបតី ត្រាំ គ្រោង​កំណត់​យកភាសា​អង់គ្លេស​ ជា​ភាសា​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក ដែលជាចំណុចស៊ើបមួយនៅតាមរដ្ឋមួយចំនួន

Posted By: RoogRog Robot | 28-Feb-2025 15:35:27

2025-02-28 10:29pm

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ​មួយ​ ដើម្បី​កំណត់​យក​ភាសា​អង់គ្លេស​ជា​ភាសា​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក​ នេះ​បើ​តាម​ប្រភព​ដែល​ដឹង​ពី​បញ្ហា​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពីថ្ងៃ​សុក្រ។

កាសែត Wall Street Journal គឺជា​អ្នក​រាយការណ៍​ព័ត៌មាន​នេះ​មុន​គេ។ ទោះ​យ៉ាង​ណា​ ប្រភព​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់​នៃ​ការ​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នេះ​ទេ។ សហរដ្ឋ​អាមេរិក​មិន​ធ្លាប់​មាន​ភាសា​ផ្លូវការ​នៅ​កម្រិត​សហព័ន្ធ​នោះ​ទេ​ ប៉ុន្តែ​បញ្ហា​នេះ​បាន​ក្លាយ​ជា​ចំណុច​រសើប​នៅ​តាម​រដ្ឋ​មួយ​ចំនួន។

ការ​ប្រើប្រាស់​ភាសា​អេស្ប៉ាញ​ក្នុង​ជីវិត​សាធារណៈ​ បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ រួម​ទាំង​នៅ​រដ្ឋ​តិចសាស់​ ដែល​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​នេះ កាលពីឆ្នាំ​ ២០១១​ បាន​ទាមទារ​ឱ្យ​សកម្មជន​សិទ្ធិ​ជន​អន្តោប្រវេសន៍​និយាយ​ភាសា​អង់គ្លេស​ ជំនួ​សភាសា​អេស្ប៉ាញដែលជាភាសា​កំណើត​របស់​ពួកគេ​ នៅ​ឯ​សវនាការ​នីតិបញ្ញត្តិ។

ហេតុការណ៍​នោះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ជជែក​ដេញដោល​អស់​ជា​ច្រើន​ទសវត្សរ៍​ ជុំវិញ​ភាព​ត្រឹមត្រូវ​នៃ​ការ​និយាយ​ភាសា​អេស្ប៉ាញ​នៅ​រដ្ឋ​តិចសាស់​ ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ម៉ិកស៊ិក​ និង​មុន​នោះ​ជា​ផ្នែក​មួយ​នៃ​ចក្រភព​អេស្ប៉ាញ។

គួរបញ្ជាក់ថា សម្រាប់ប្រជាជនអាមេរិកដើមកំណើតម៉ិកស៊ិកជាច្រើន បញ្ហានេះបានរំឭកពីអតីតកាលដ៏ឈឺចាប់នៅពេលដែល ពួកគេធ្លាប់ទទួលរងការដាក់ទណ្ឌកម្ម នៅតាមសាលារៀនដោយសារតែការនិយាយភាសាអេស្ប៉ាញ ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។

ការ​សម្រេច​ចិត្ត​នេះ​អាច​នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ខ្លាំង​ និង​ជម្លោះ​វែកញែក​ ជុំវិញ​បញ្ហា​ភាសា​ និង​អត្តសញ្ញាណ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...