(វ៉ាស៉ីនតោន)៖ មន្ត្រីសហរដ្ឋអាមេរិក និងហ្កាតេម៉ាឡា បានឱ្យដឹងថា ជើងហោះហើរនិរទេសជនអន្តោប្រវេសន៍ហ្កាតេម៉ាឡា តាមយន្តហោះយោធាអាមេរិក ក្រោមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដេីមសប្តាហ៍ ទំនងជាមានតម្លៃយ៉ាងហោចណាស់ ៤ ៦៧៥ដុល្លារ សម្រាប់មនុស្សម្នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២៥។
តម្លៃនោះគឺថ្លៃជាង ៥ដងនៃតម្លៃសំបុត្រ ៨៥៣ដុល្លារសម្រាប់មនុស្សម្នាក់ នៅលើជេីងយន្តហោះអាមេរិកចេញពីទីក្រុង El Paso រដ្ឋតិចសាស់។ វាក៏ខ្ពស់ជាងតម្លៃនៃការហោះហើរតាមយន្តហោះពាណិជ្ជកម្ម រៀបចំដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) ផងដែរ។
មន្ត្រីអាមេរិកម្នាក់ បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការចំណាយលើប្រតិបត្តិការយន្តហោះដឹកជញ្ជូនយោធា C-17 គឺ ២៨ ៥០០ដុល្លារក្នុងមួយម៉ោង។ ការហោះហើរត្រលប់ទៅហ្កាតេម៉ាឡា ដោយមិនរាប់បញ្ចូលពេលវេលាចុះចត ឬប្រតិបត្តិការណាមួយដើម្បីរៀបចំការហោះហើរឡើងនោះ បានចំណាយពេលប្រហែល ១០ទៅ១០ម៉ោងកន្លះ។
ដោយឡែក មន្ត្រីហ្កាតេម៉ាឡេម្នាក់ បានប្រាប់ Reuters ថាយន្តហោះដឹកជញ្ជូនយោធាដែលបានចុះចត កាលពីថ្ងៃចន្ទកន្លងទៅ មានមនុស្ស ៦៤នាក់។ ភ្លាមៗ មន្ទីរបញ្ចកោណមិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡេីយទេ។
គួរបញ្ជាក់ថា ដំណេីរការនិរទេសជនអន្តោប្រវេសន៍តាមយន្តហោះយោធា បានចាប់ផ្តេីមកាលពីសប្តាហ៍មុន ជាផ្នែកមួយនៃការប្រកាសគ្រាអាសន្នថ្នាក់ជាតិស្តីពីអន្តោប្រវេសន៍របស់ លោក ត្រាំ ហេីយរហូតមកដល់ពេលនេះបានបញ្ជូនយន្តហោះចំណាកស្រុកចំនួន ៦គ្រឿងទៅកាន់តំបន់អាមេរិកឡាទីន៕