(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក្នុងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុសាសន៍ ៥ចំណុច ដើម្បីបន្តជំរុញកំណើន និងការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពប្រកួតប្រជែង ទាំងបរិមាណ និងគុណភាព ក៏ដូចជាដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។
ការដាក់ចេញអនុសាសន៍ របស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសជាផ្លូវការ នូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
អនុសាសន៍ទាំង ៥ចំណុចនោះ រួមមាន៖
ទី១៖ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ត្រូវរួមគ្នាការពារកិត្តិនាមរបស់កម្ពុជា តាមសមត្ថកិច្ច វិស័យជំនាញ និងវិជ្ជាជីវៈរៀងៗខ្លួន ដោយចាត់ទុកកិត្តិនាមជាទ្រព្យសម្បត្តិរួម ជាឆ្នាំងបាយរួម និងជាអណ្តូងសេដ្ឋកិច្ចដែលមិនចេះរីងស្ងួត ដើម្បីធានាបាននិរន្តរភាព និងភាពទាក់ទាញនៃវិស័យទេសចរណ៍ ក៏ដូចជាបរិយាកាសធុរកិច្ច និងវិនិយោគទាំងមូលរបស់កម្ពុជា។
ទី២៖ ក្រសួងទេសចរណ៍រួមគ្នាជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តភាពបុរេសកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រកាន់ខ្ជាប់អភិក្រម <<មិនរង់ចាំទឹកភ្លៀង>> ទាំងលើទិដ្ឋភាព <<ផ្គត់ផ្គង់ និងតម្រូវការ>>។ លើទិដ្ឋភាពផ្គត់ផ្គង់ យើងត្រូវខិតខំពង្រឹងសមត្ថភាព ប្រកួតប្រជែង ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញ ការពង្រឹងគុណភាពនៃបដិសណ្ឋារកិច្ច ទំនុកចិត្តនៃសេវាកម្ម និងតម្លៃនៃលុយ។ លើទិដ្ឋភាពតម្រូវការ យើងត្រូវបន្តជំរុញការផ្សព្វផ្សាយជំរុញការបើកទីផ្សារថ្មីៗ ដែលមានសក្តានុពល ខិតខំកំណត់គោលដៅ និងប្រភេទអតិថិជនថ្មីៗ ដែលសមស្របនឹងភាពខ្លាំងនៃទីផ្សាររបស់កម្ពុជា និងខិតខំរក្សាទីផ្សារទេសចរណ៍ ដែលមានស្រាប់ ដោយជំរុញឱ្យមានការស្នាក់នៅរយៈពេលយូរ ក៏ដូចជាការវិលត្រឡប់មកវិញរបស់ទេសចរ។
ទី៣៖ រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលមានទម្រង់ចម្រុះ និងសម្បូរបែប និងត្រូវខិតខំទាក់ទាញភ្ញៀវទេសចរ ដោយបង្កើនរបាយភ្ញៀវ នៅក្នុងរដូវកាលបៃតង (Green Season)។
ទី៤៖ ជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដោយត្រូវផ្តុំកម្លាំងបន្តពង្រឹង និងកែសម្រួលរចនាសម្ព័ន្ធ និងយន្តការស្ថាប័នក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឱ្យបានកាន់តែល្អប្រសើរ ស្របតាមតម្រូវការជាក់ស្តែង ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក (Sub-DMOs) សម្រាប់តំបន់អាទិភាពទាំង៥ រួមមាន៖ តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់អង្គរ និងតំបន់ជុំវិញ តំបន់ក្រុងសៀមរាប និងតំបន់បឹងទន្លេសាប។ ដូចគ្នាដែរស្ថាប័នដែលពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលជាមួយនឹងវិស័យទេសចរណ៍ ត្រូវខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្ត្រផែនការ សកម្មភាព និងយន្តការដែលបានដាក់ចេញ និងត្រូវបន្តកែទម្រង់ជាលំដាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ។
ទី៥៖ ត្រូវបង្កើននវានុវត្តន៍ ភាពច្នៃប្រឌិត និងខិតខំប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ និងសេវាពីវិស័យឯកជន ដើម្បីផ្តល់ភាពងាយស្រួលទំនុកចិត្ត និងតម្លាភាពដល់ភ្ញៀវទេសចរ និងសាធារណជន។
សូមជម្រាបថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ បើធៀបជាមួយឆ្នាំ២០២៣ មានកំណើនដល់ទៅ ២២.៩% ហើយបើធៀបជាមួយឆ្នាំ២០១៩ មានកំណើន ១.៤%៕