លោក ហ្សេលេនស្គី ផ្លាស់ប្តូរមេបញ្ជាការសមរភូមិជួរមុខភាគខាងកើត ជាលើកទី៣

Posted By: RoogRog Robot | 26-Jan-2025 23:56:30

2025-01-27 11:55am

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានដាក់មេបញ្ជាការដ៏សំខាន់ម្នាក់ ឱ្យទៅដឹកនាំសមរភូមិជួរមុខភាគខាងកើត ដែលទីក្រុងមជ្ឈមណ្ឌល Pokrovsk ស្ថិតក្រោមហានិភ័យធ្លាក់ទៅក្នុងដៃរុស្ស៉ី និងជាលើកទី ៣ហើយក្នុងរយៈពេលតិចជាង ១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា លោកបានដាក់មេបញ្ជាការកងទ័ពជើងថ្មើរជើង គឺលោក Mykhailo Drapatyi ឱ្យទទួលបន្ទុកក្រុមយុទ្ធសាស្ត្រប្រតិបត្តិការនៅ Khortytsia ដែលជាតំបន់ទទួលខុសត្រូវរួម ផ្នែកជួរមុខភាគខាងកើតរបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គីថា តំបន់នោះជាសមរភូមិប្រយុទ្ធដ៏លំបាកមួយ ហើយលោកបានពិភាក្សាអំពីការផ្លាស់ប្តូរនេះ ជាមួយអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Oleksandr Syrskyi។

តាមលោក ហ្សេលេនស្គី លោក Drapatyi នឹងជួយឱ្យការងារប្រយុទ្ធរបស់កងទ័ព និងការងារបណ្តុះបណ្តាលកងពលតូច ធ្វើឡើងបានត្រឹមត្រូវ។ លោក Drapatyi ត្រូវមកជំនួសការងាររបស់លោក Andriy Hnatov ដែលទទួលបន្ទុកនៅ Khortytsia តាំងពីខែមិថុនា ហើយលោក Drapatyi ក៏នឹងក្លាយទៅជាអគ្គសេនាធិការរងអ៊ុយក្រែន ទទួលបន្ទុកការងារបណ្តុះបណ្តាល និងទំនាក់ទំនងផងដែរ។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បាននិងកំពុងបន្តរុលទៅមុខ ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដើម្បីឆ្ពោះទៅកាន់ទីក្រុង Pokrovsk ដោយឆ្លងមកពីភាគខាងត្បូង និងព្យាយាមកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់សម្រាប់កងទ័ពអ៊ុយក្រែន។ ទីក្រុង Pokrovsk ដែលមានប្រជាជនរស់នៅប្រហែល ៦០ ០០០នាក់មុនសង្រ្គាម បានរងការប្រយុទ្ធយ៉ាងខ្លាំងក្លា អស់រយៈពេលប៉ុន្មានខែមកហើយ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...