រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន បើធៀបនឹងឆ្នាំ២០២៣ (Video inside)

Posted By: RoogRog Robot | 23-Jan-2025 06:58:55

2025-01-23 01:57pm

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានថ្លែងថា អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន បើធៀបនឹងឆ្នាំ២០២៣។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេស ឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលរៀបចំក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានអ្នកចូលរួមចំនួន​ជិត ៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​។

ថ្លែងបើកកម្មវិធី, លោក ឌិត ទីណា បានមានប្រសាសន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង រយៈពេលជាងមួយឆ្នាំកន្លងទៅ បានរួមកម្លាំងគ្នាជាធ្លុងមួយ ជំរុញអនុវត្តផែនការ និងសកម្មភាពការងារដែលបានគ្រោងទុកឆ្នាំ២០២៤ និងស្មារតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គោលនយោបាយអាទិភាពទី៥​ និងទី៦ របស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដើម្បីបង្កើនល្បឿនអភិវឌ្ឍក្នុងវិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំ ក្នុងការធានាសន្តិសុខស្បៀង ចូលរួមជំរុញកម្លាំងសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន ប្រកបដោយនិរន្តរភាពបរិស្ថាន កសិកម្ម និងសេដ្ឋកិច្ច ដែលសម្រេចបានលទ្ធផលគួរជាទីមោទន។

នាឱកាសនោះ​ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា <<អនុវិស័យដំណាំដែលចូលរួមធំជាងគេនៅក្នុងការងារវិស័យកសិកម្មទាំងមូល រហូតដល់៦១% ក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម ៣៩.៤លានតោន កើនឡើង២,៥៩លានតោន បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះផលិតកម្មស្រូវសម្រេចបាន ១៣,៨៩លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀងកម្ពុជា និងមានអត្តលេខ ៨,២លានតោន សម្រាប់ការនាំចេញជាស្រូវ និងអង្ករផងដែរ>>។ លោកបានបន្តថា ហើយបើទោះបីជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត ការបំផ្លិចបំផ្លាញដោយរុយស មមាញត្នោត ដង្កូវហ្វូង ឬដង្កូវមូលស្លឹកក៏ដោយ។

លោករដ្ឋមន្ត្រី បានថ្លែងបន្តថា នេះសបញ្ជាក់ថា យើងកាន់តែមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ នៅក្នុងអនុវិស័យដំណាំ​ ហើយក៏ជាលទ្ធផលដែលបានពីការបង្កើនការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេសដល់កសិករ ក្នុងការប្រើប្រាស់ពូជ ជី ថ្នាំ កាន់តែប្រសើរឡើង ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងយន្តកសិកម្ម កាន់តែទូលំទូលាយនៅក្នុងផលិតកម្មកសិកម្មកម្ពុជា។

ជាមួយគ្នានេះ លោក បានមានបរ្សាសន៍ថា ជាមួយនឹងអត្តលេខដ៏ច្រើននៅក្នុងផលិតកម្មដំណាំ កម្ពុជាសម្រេចបានការនាំចេញគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤ បរិមាណប្រមាណ១២លានតោន ត្រូវបាននាំចេញទៅកាន់៩៥ប្រទេស កើនឡើងជាង៣លានតោន និងបាននាំមកវិញនូវរូបិយបណ្ណបរទេស ៥,៣ពាន់លានដុល្លារ កើនឡើងជាង៥ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣។

បន្ថែមពីនេះ លោក បានលើកឡើងថា កាន់តែពិសេសជាងនេះទៅទៀត ខណៈដែលផលិតកម្មស្រូវបានកើនឡើងជាង១,៤លានតោន​ បើធៀបនឹងឆ្នាំ២០២៣ អង្ករផ្ការំដួល និងអង្ករសែនក្រអូប បាននាំមកនូវមោទនភាពថ្មីបន្ថែមទៀត បានឈ្នះពាន់រង្វាន់អង្ករល្អដាច់គេនៅលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតប្រជែងនៅប្រទេសហ្វីលីពីន និងពានមាសអង្ករក្រអូបពីប្រទេសចិន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...