ច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ចូលជាធរមាននៅប្រទេសថៃ

Posted By: RoogRog Robot | 23-Jan-2025 06:43:12

2025-01-23 01:37pm

(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ទីបំផុត ច្បាប់ដែលអនុញ្ញាតការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា បានចូលជាធរមានហើយ នៅក្នុងប្រទេសថៃ ខណៈគូស្នេហ៍ភេទដូចគ្នារាប់រយនាក់ ចាប់ផ្តើមនាំគ្នារៀបការ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

ច្បាប់ខាងលើ ក៏បើកផ្លូវឱ្យអ្នកប្តូរភេទ ឬ transgender អាចរៀបអាពាហ៍ពិពាហ៍ ហើយផ្តល់សិទ្ធិស្មុំកូន និងសិទ្ធទទួលកេរមរតក ដល់អ្នកដែលបានរៀបការទាំងអស់ ដោយគ្មានការរើសអើង ផងដែរ។ ច្បាប់អនុញ្ញាតអាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា របស់ប្រទេសថៃ ត្រូវបានសភាអនុម័តកាលពីខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានផ្តល់សច្ចាប័ន ដោយព្រះមហាក្សត្រថៃ Maha Vajiralongkorn កាលពីខែកញ្ញា ឆ្នាំដដែល រួចហើយចូលជាធរមាន នៅ១២០ថ្ងៃក្រោយ គឺចំថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ប្រការនេះធ្វើឱ្យថៃក្លាយជាប្រទេសដំបូងគេបំផុត នៅតំបន់អាស៉ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យមានការរៀបការដោយស្របច្បាប់ រវាងអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជាបុគ្គលនានានៅក្នុងសហគមន៍ LGBTQ ហើយជាកន្លែងទី៣ នៅអាស៉ី គឺបន្ទាប់ពីកោះតៃវ៉ាន់ និងប្រទេសនេប៉ាល់ ដែលបានធ្វើយ៉ាងដូច្នោះ។ មកទល់ពេលឥឡូវ មានប្រទេសច្រើនជាង៣០ហើយ ដែលបានផ្តល់ភាពស្របច្បាប់ ចំពោះការរៀបការរវាងជនគ្រប់រូបទាំងអស់ គិតចាប់តាំងពីប្រទេសហូឡង់ ក្លាយជាប្រទេសដំបូងគេ ដែលបានអនុញ្ញាតការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា កាលពីឆ្នាំ២០០១មក៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...